(ស៉ីដនី)៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាឡេស (Richard Marles) នៅថ្ងៃចន្ទសប្តាហ៍នេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ទៅកាន់ប្រទេសឥណ្ឌា ដោយកំលុងពេលនោះលោកត្រូវបានគេរំពឹងថា នឹងជួបជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក រ៉ាច់ណាត់ សាញ (Rajnath Singh) រួមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ដើម្បីពង្រឹងទំនងទំនងកាន់តែជិតស្និទ្ធ ថែមទៀតជាមួយឥណ្ឌា ជាពិសេសលើវិស័យការពារជាតិ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
លោក ម៉ាឡេស បានសរសេរនៅលើបណ្តាញសង្គមរបស់លោកយ៉ាងដូច្នេះថា «ឥណ្ឌាគឺជាដៃគូរសន្តិសុខដ៏ជិតស្និទ្ធបំផុតមួយរបស់អូស្រ្តាលី ហើយរដ្ឋាភិបាលលោក អាល់បានីស កំពុងផ្តោតការធ្វើឲ្យប្រសើរឡើងវិញ នូវការចូលរួមរបស់អូស្រ្តាលី ជាមួយដៃគូនៅទូទាំងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក»។ លោក ម៉ាឡេស បានបន្ថែមថា «សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននាំមកនូវសន្តិភាព និងវិបុលភាពដល់ឥណ្ឌូប៉ាស៉ីហ្វិក អស់ជាច្រើនទស្សវត្សរ៍មកហើយនោះ គឺកំពុងជួបប្រទះសម្ពាធ ខណៈដែលយើងកំពុងប្រឈមមុខនឹង ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីនាពេលនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងឡើង រវាងទីក្រុងញូដេលី និងទីក្រុងកង់បេរ៉ា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ២០២០ ដើម្បីផ្តល់សិទ្ធិចូលទៅកាន់មូលដ្ឋានយោធារបស់គ្នាទៅវិញទៅមក ចំពោះមុខការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មីអូស្ត្រាលី ដែលថា នឹងបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់ប៉ាស៊ីហ្វិក៕