(ប៉េកាំង)៖ កាលពីថ្ងៃទី១៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ ក្រសួងយុត្តិធម៌អាមេរិកប្រកាសថា លោក Payton Gendron ខ្មាន់កាំភ្លើងស្បែកសដែលមានអាយុ១៨ឆ្នាំ នៃករណីបាញ់ប្រហារនៅក្រុង Buffalo រដ្ឋញូវយ៉កត្រូវប្រឈមនឹងការចោទប្រកាន់ពី បទឧក្រិដ្ឋចងគំនុំនិងបទឧក្រិដ្ឋដោយកាំភ្លើងជាដើម។ លោក Payton Gendron ត្រូវចោទប្រកាន់ថាបានសម្លាប់ មនុស្សស្បែកខ្មៅ១០នាក់ ហើយបណ្តាលឱ្យមនុស្សស្បែកខ្មៅម្នាក់ និងមនុស្សស្បែកសពីរនាក់ទៀតរងរបួស។
ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានកើតករណីបាញ់ប្រហារជាញឹកញាប់ ជាពិសេសគឺករណីបាញ់ប្រហារ ដែលកើតនៅសាលាបឋមសិក្សាក្រុង Uvalde រដ្ឋ Texas កាលពីថ្ងៃទី២៥ ខែឧសភា បាននាំឱ្យមតិសាធារណៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះបណ្តាលឱ្យមនុស្ស២១នាក់ស្លាប់ គឺជាហេតុការណ៍បាញ់ប្រហារក្នុងសាលារៀនសហរដ្ឋអាមេរិក ដែលមានទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជិត ១០ឆ្នាំកន្លងមក។
តាមទិន្នន័យថ្មីបំផុតដែលវេបសាយបណ្ណសារ អំពើហឹង្សាដោយកាំភ្លើងរបស់សហរដ្ឋអាមេរិកឱ្យដឹងថា គិតមកទល់ថ្ងៃទី១៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ សហរដ្ឋអាមេរិកមានមនុស្សចំនួន១៩,៨៤១នាក់ បានស្លាប់បាត់បង់ជីវិតដោយសារ ករណីបាញ់ប្រហារ ក្នុងនោះ បូករួមទាំងអនីតិជនចំនួន៧៥២នាក់ ក្រៅពីនេះមានមនុស្សចំនួន១៦,៧៩៩នាក់ទៀតរងរបួស។ ទិន្នន័យថ្មីបំផុតក៏បានបង្ហាញដែរថា ឆ្នាំនេះ ហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំ ដែលកើតនៅសហរដ្ឋអាមេរិក មានចំនួនឡើងដល់ ២៦៧លើក។
សហរដ្ឋអាមេរិកមានចំនួនប្រជាជនសរុបជិត៣៣០លាននាក់ កាំភ្លើងក្នុងសង្គមស៊ីវិលគឺលើសពី៤រយលានដើម ពោលគឺគិតជាមធ្យម ក្នុងចំណោមមនុស្ស១រយនាក់ក៏មានកាំភ្លើងប្រហែល១២០ដើម។ ក្រោមការរារាំងជាច្រើនដូចជា ជ្រុលនិយមខាងនយោបាយ ភាពបែកបាក់ក្នុងសង្គមនិងក្រុមផលប្រយោជន៍ជាដើម អំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក មិនគ្រាន់តែមិនត្រូវបានដោះស្រាយប៉ុណ្ណោះទេ ថែមទាំងក៏មានភាពកាន់តែធ្ងន់ធ្ងរទៅ ហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំ និងហេតុការណ៍បាញ់ប្រហារ ក្នុងសាលារៀនបានកើតឡើងជាញឹកញាប់ អំពើហិង្សាដោយកាំភ្លើងហាក់ដូចជា «ជំងឺដែលមិនអាចព្យាបាលបាន» នៅក្នុងសង្គមសហរដ្ឋអាមេរិក។ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក បក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហាគ្រប់គ្រងកាំភ្លើង ដែលបណ្តាលឱ្យរដ្ឋសភាអាមេរិកមិនអាចអនុម័តច្បាប់ណាមួយស្តីពីការគ្រប់គ្រងកាំភ្លើងរបស់សហព័ន្ធនោះទេ។
ប៉ុន្តែនិយាយពីឫសគល់ មូលហេតុនៃប្រការទាំងនេះគឺដោយមកពីអ្នកនយោបាយអាមេរិក ព្រងើយកន្តើយមិនអើពើ សិទ្ធិរស់រានមានជីវិតរបស់ប្រជាជន។ ខណៈពេលកើតហេតុការណ៍បាញ់ប្រហារនៅសាលាបឋមសិក្សា Robb នៃក្រុង Uvalde មេដឹកនាំអាមេរិកកំពុងជាប់រវល់នឹងការបង្កការបដិបក្ខគ្នាជាក្រុមនៅអាស៊ី។ បើនិយាយចំពោះអ្នកនយោបាយ មួយចំនួនរបស់អាមេរិក ជីវិតដែលបាត់បង់ក្នុងហេតុការណ៍បាញ់ប្រហារគឺគ្មានអីសោះ មានតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងអនុត្តរភាពបែបអាមេរិកទើបជាកិច្ចការសំខាន់បំផុត។
គ្មានអ្នកណាដឹងថា តើជីវិតស្រស់ៗបានបាត់បង់ជាបន្តបន្ទាប់ ដោយសារកាំភ្លើងដល់ច្រើនប៉ុនណាទៀត ទើបអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់ អ្នកនយោបាយអាមេរិក។ ពេលពួកគេមិនអើពើនឹងសិទ្ធិរស់រានមាន ជីវិតជាមូលដ្ឋានរបស់ប្រជាជនប្រទេសខ្លួន តើពិភពលោកអាចជឿថា ពួកគេនឹងយកចិត្តទុកដាក់យ៉ាងពិតប្រាកដដល់ សិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀតឬទេ? របាំងមុខក្លែងក្លាយ «សិទ្ធិមនុស្សបែបអាមេរិក» បានបែកខ្ទេចក្នុងសូរបាញ់កាំភ្លើងរួចហើយ។
អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ប្រទេសនូវែលហ្សេឡង់និងកាណាដាដែលជារដ្ឋសមាជិកក្នុង «សម្ព័ន្ធ Five Eyes» ដូចសហរដ្ឋអាមេរិកគឺមានទង្វើខុសគ្នាស្រឡះ ក្នុងវិស័យគ្រប់គ្រងកាំភ្លើង។ រដ្ឋាភិបាលនូវែលហ្សេឡង់បានដាក់ជូន រដ្ឋសភានូសេចក្តីព្រាងធ្វើវិសោធនកម្មច្បាប់កាំភ្លើងបន្ទាប់ពីកើតករណីបាញ់ប្រហារទ្រង់ទ្រាយធំនៅក្រុង Christchurch កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ដោយប្រកាសថា នឹងហាមឃាត់ការលក់ដូរនិងកាន់កាំភ្លើងស្វ័យប្រវត្តិពាក់កណ្តាល រចនាបទយោធានិងកាំភ្លើងវាយប្រហារ។
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសនៅថ្ងៃទី៣០ ខែឧសភាថា នឹងដាក់ចេញសេចក្តីព្រាងច្បាប់ ដើម្បីបង្កកការលក់ដូរកាំភ្លើងដៃនិង «ដាក់កំហិតលើចំនួនកាំភ្លើងដៃក្នុងស្រុក»។ ក្រឡេកមកមើលសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី១២ ខែមិថុនា ព្រឹទ្ធសភាអាមេរិកបានឈានដល់យ៉ាងលំបាកលំបិន នូវកិច្ចព្រមព្រៀងជំហានដំបូងអំពីសេចក្តីស្នើច្បាប់ ស្តីពីការគ្រប់គ្រងកាំភ្លើង។ រីឯសមាជិកបក្សសាធារណរដ្ឋម្នាក់ដែលបានចូលរួមដំណើរចរចាបានថ្លែងថា បក្សទាំងពីរនៃព្រឹទ្ធសភា «គ្រាន់តែបានឈានដល់កិច្ចព្រមព្រៀងអំពីគោលការណ៍ជាមូលដ្ឋានប៉ុណ្ណោះ តែមិនមែនឯកសារផ្លូវច្បាប់នោះទេ»។ ដូច្នេះ ការគ្រប់គ្រងកាំភ្លើងនៅសហរដ្ឋអាមេរិកនៅតែមានផ្លូវវែងឆ្ងាយនិងអនាគតមិនច្បាស់លាស់។
យើងគួរតែសួរថា តើជីវិតស្រស់ៗបានបាត់បង់ជាបន្តបន្ទាប់ ដោយសារកាំភ្លើងដល់ច្រើនប៉ុនណាទៀត ទើបអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់អ្នកនយោបាយអាមេរិក? កាលណាអំណាចនិងប្រាក់ទុន ត្រូវបានតម្កល់លើអាយុជីវិតរបស់ប្រជាជននោះ មុខជានឹងបណ្តាលឱ្យកើតមានសោកនាដកម្មខាងសិទ្ធិមនុស្ស កាន់តែច្រើនឡើងៗជាក់ជាមិនខាន៕
ដោយ វិទ្យុមិត្តភាពកម្ពុជាចិន