(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា ជនជាតិអាមេរិកកាំង ២នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈកំពុងប្រយុទ្ធក្នុងឋានៈជា ទាហានស៉ីឈ្នួល ហើយបានបង្កគ្រោះថ្នាក់ដល់ទាហានរុស្ស៉ីនោះ គួរតែប្រឈមមុខនឹងការទទួលខុសត្រូវលើសកម្មភាពរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍មួយដែលទូរទស្សន៍អាមេរិក NBC ក៏បានចេញផ្សាយផងដែរនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានគូសបញ្ជាក់ថា «ពួកគេ គឺជាទាហានដែលបានចូលរួមក្នុងសកម្មភាពខុសច្បាប់លើទឹកដីនៃប្រទេសអ៊ុយក្រែន ហើយបានធ្វើឲ្យទាហានរបស់យើងមានគ្រោះថ្នាក់ដល់ អាយុជីវិត»។ លោក ប៉េសកូវ បានបន្ថែមថា «ពួកគេគួរតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត, ឧក្រិដ្ឋកម្មនេះត្រូវតែធ្វើការស៉ើបអង្កេត ព្រោះពួកគេមិនស្ថិតក្នុងជួរកងទ័ពអ៊ុយក្រែនទេ ហើយក៏មិនស្ថិតក្រោមអនុសញ្ញាទីក្រុងហ្សឺណែវដែរ»។
គួរបញ្ជាក់ថា បើតាមរបាយការណ៍អាមេរិក ទាហានស្ម័គ្រចិត្តអាមេរិក ២រូបខាងលើ ត្រូវបានតុលាការនៃតំបន់បំបែកខ្លួន ដូណេត កាត់ទោសរួចហើយ ក្រោមហេតុផលថា ពួកគេគឺជាទាហានស៉ីឈ្នួល និងមិនស្ថិតក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ជាអ្នកទោសសង្រ្គាមឡើយ។ ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យនៃវិមានក្រឹមឡាំងនាពេលនេះ គឺជាការទទួលស្គាល់ជាផ្លូវការលើកដំបូង ថាមានបុរសជនជាតិអាមេរិក ចំនួនពីរនាក់ ត្រូវបានឃុំខ្លួន និងស្ថិតក្រោមការស៊ើបអង្កេតនៅឯរុស្ស៉ី៕