(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មានការភ័យខ្លាចថា «ផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ» អាចនឹងរាលដាលដល់ប្រទេសរបស់លោក ទើបព្យាយាមបំបែកបំបាក់ទ្វីបអឺរ៉ុប និងធ្វើឱ្យ ពិភពលោកត្រឡប់ទៅរកការបែងចែកឥទ្ធិពលគ្រប់គ្រង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
ការកត់សម្គាល់ខាងលើរបស់លោក សូលស៍ ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរមួយ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ មូអិនឈ្នឺ មឺគួរ (Muenchner Merkur) ដែលសួរថាតើលោក ពូទីន អាចនឹងទទួលយកបាន ឬអត់ ខណៈអ៊ុយក្រែនខិតទៅកាន់តែកៀកនឹងការចូលជាសមាជិក សហភាពអឺរ៉ុប។ លោក សូលស៍ បានគូសបញ្ជាក់ដូច្នេះថា «ប្រធានាធិបតីរុស្ស៉ី ត្រូវតែទទួលស្គាល់ថា មានសហគមន៍ប្រជាធិបតេយ្យមួយដែលផ្អែក លើច្បាប់ នៅក្នុងប្រទេសជិតខាងរបស់លោក គឺកំពុងឆ្ពោះទៅរកភាពកាន់តែជិតស្និទ្ធ ហើយវាច្បាស់ណាស់ថា លោក ពូទីន កំពុងភ័យខ្លាចថា ផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ អាចនឹងរីករាលក្នុងប្រទេសរបស់លោក»។
ដោយឡែក ជុំវិញការអត្ថាធិប្បាយរបស់លោក សូលលិ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានច្រានចោលលើកឡើងបែបនេះ សង្កត់ធ្ងន់លើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះថា «ផ្កាភ្លើងរបស់អាល្លឺម៉ង់ បានរាលដាលមកលើយើង ពីរទៅបីដងហើយ ដូច្នេះយើងមិនអនុញ្ញាតឲ្យមានភ្លើងបន្ថែមទៀតទេ»។
គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប កាលពីសប្តាហ៍មុន បានផ្តល់អនុសាសន៍ថា អ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៉ី ចាប់តាំងពីខែកុម្ភៈមក គួរតែទទួលបាន «ឋានៈជាបេក្ខភាព» ដើម្បីក្លាយជាសមាជិករបស់សហភាពអឺរ៉ុប៕