(តែល អាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េនណេត (Naftali Bennett) និងរដ្ឋមន្ត្រីការបរទេស លោក យ៊ែរ ឡាភីត (Yair Lapid) បានឯកភាពគ្នាក្នុង ការរំលាយសភាចោល ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលថ្មីមួយ ហើយកំលុងរយៈពេលអន្តរកាលនេះ លោក ឡាភីត នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រី បណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអ៉ីស្រាអែលម្នាក់ បានឱ្យដឹងទៀតថាការបោះឆ្នោតរំលាយសភាខាងលើនឹងត្រូវធ្វើឡើង នៅសប្ដាហ៍ក្រោយ។ ការសម្រេចចិត្តរៀបចំការបោះឆ្នោតរំលាយសភានេះទៀតសោត កើតមានឡើងបន្ទាប់ពីលោក ប៊េនណេត មិនអាចគ្រប់គ្រងសម្ពាធលើរដ្ឋាភិបាលចម្រុះ ដ៏ផុយស្រួយរបស់លោក ហើយនៅក្រោយការបោះឆ្នោតរំលាយសភាដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ លោក ឡាភីត នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រី បណ្ដោះអាសន្ន រហូតដល់មានការបោះឆ្នោតសកលសាជាថ្មី និងជាលើកទី៥ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ។
គួរបញ្ជាក់ថា លោក ប៊េនណេត និងលោក ឡាភីត កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្រោយជាប់គាំងនយោបាយជាង ២ឆ្នាំ ដើម្បីបិទបញ្ចប់ការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)៕