(កង់បេរ៉ា)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាលេស (Richard Marles) បានប្រកាសពី ការចាប់ផ្តើមបញ្ជូនរថពាសដែកធុន M113AS4 សម្រាប់ដឹកកងទ័ព ឱ្យទៅអ៊ុយក្រែន ខណៈនៅថ្ងៃចន្ទនេះ ខាងទីក្រុងកៀវក៏បានសម្តែងការអរគុណ ចំពោះទីក្រុងកង់បេរ៉ាផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

លោក Marles បានថ្លែងយ៉ាងដូច្នេះថា «រថពាសដែកចំនួន៤គ្រឿងនេះ គឺជាក្រុមដំបូងនៃរថពាសដែក M113AS4 សរុប១៤គ្រឿង ដែលនឹងត្រូវផ្តល់ឱ្យដោយអូស្រ្តាលី។ កន្លងមកទីក្រុងកង់បេរ៉ា ក៏បានប្រកាសផ្តល់ឱ្យអ៊ុយក្រែននូវ រថយន្តយោធា Bushmaster, កាំភ្លើងធំ Howitzer, អាវុធប្រឆាំងរថក្រោះ, គ្រាប់រំសេវ, ដ្រូន និងបរិក្ខារផ្សេងៗទៀតសម្រាប់កងទ័ព នៅក្រោមកញ្ចប់ជំនួយយោធា ទំហំ២៨៥លានដុល្លារអូស្រ្តាលី (២០០លានដុល្លារអាមេរិក) ផងដែរ»

ជាការឆ្លើយតប នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះសារតាមប្រព័ន្ធ Twitter ដើម្បីសម្តែងការអរគុណចំពោះអូស្រ្តាលី ហើយសង្កត់ធ្ងន់ថា ទីក្រុងកៀវនឹងមិនភ្លេចទង្វើនេះឡើយ។ នៅក្នុងសារនោះ មានភ្ជាប់នូវរូបភាពរថពាសដែករបស់អូស្រ្តាលី ត្រូវបញ្ជូនចូលទៅក្នុង យន្តហោះដឹកជញ្ជូន AN-124 របស់អ៊ុយក្រែន ថែមទៀតផង។

ជាចុងក្រោយ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានសង្កត់ធ្ងន់ថា ការផ្តល់រថពាសដែកខាងលើនេះ គឺជាការឆ្លើយតបចំពោះសំណើដោយផ្ទាល់ របស់ក្រសួងការពារជាតិអ៊ុយក្រែន សម្រាប់យានជំនិះយោធាបន្ថែម ហើយវាបង្ហាញឱ្យឃើញពី ការប្តេជ្ញាចិត្តឥតថមថយរបស់អូស្រ្តាលី ចំពោះប្រជាជនអ៊ុយក្រែន៕