(វ៉ាស៉ីនតោន)៖ បុគ្គលម្នាក់បានចំណាយថវិការហូតដល់ ១៩លានដុល្លារ ដើម្បីដេញថ្លៃឱកាសបានទទួលទានអាហារពេលថ្ងៃត្រង់ ជាលក្ខណៈឯកជនជាមួយ កំពូលវិនិយោគិនអាមេរិកដ៏ល្បីឈ្មោះគឺលោក វ៉ារិន ប៊ូហ្វេត (Warren Buffett)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។
កម្មវិធីដេញថ្លៃឱកាសទទួលទានអាហារ ជាមួយលោក Buffett ខាងលើនេះ គឺជាការដេញថ្លៃប្រចាំឆ្នាំលើកទី២១ហើយ ដែលត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនលក់ទំនិញអនឡាញ Ebay និងមូលនិធិមិនរកប្រាក់កម្រៃ ដើម្បីប្រយុទ្ធប្រឆាំងភាពក្រីក្រ, គ្រោះអត់ឃ្លាន និងភាពអនាថា ឈ្មោះ Glide Foundation។
តម្លៃដេញថ្លៃលើកដំបូង បានចាប់ផ្តើមជាមួយទឹកប្រាក់ ២៥,០០០ដុល្លារ នៅថ្ងៃទី១២ ខែមិថុនា ហើយបញ្ចប់ទៅវិញ ជាមួយតម្លៃដេញថ្លៃ ១៩លានដុល្លារ ពីជនអនាមិកម្នាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទឹកប្រាក់សម្រាប់ឆ្នាំនេះ គឺ៤ដងច្រើនជាងទឹកប្រាក់ចំនួន ៤,៥៦៧,៨៨៨ដុល្លារ កាលពីឆ្នាំ២០១៩ ដែលជាការដេញថ្លៃចុងក្រោយគេ មុនពេលវិបត្តិជំងឺ COVID-19 ផ្ទុះឡើង។ អ្នកឈ្នះការដេញថ្លៃឆ្នាំ២០១៩ គឺជាសហគ្រិនរូបិយបណ្ណឌីជីថលម្នាក់ឈ្មោះ ចាស្ទីន ស៊ុន (Justin Sun)។
បើតាម Ebay បុគ្គលដែលជាម្ចាស់ទឹកប្រាក់ដេញថ្លៃ១៩លានដុល្លារនេះ នឹងទទួលទានអាហារពេលថ្ងៃត្រង់ក្នុងលក្ខណៈឯកជន ជាមួយលោក Buffett ព្រមទាំងភ្ញៀវបានដល់ចំនួន ៧នាក់ផ្សេងទៀត នៅឯហាងស្ទេកហោស Smith & Wollensky ក្នុងទីក្រុងញូយ៉ក។
គួរបញ្ជាក់ថា ការដេញថ្លៃក្នុងឆ្នាំនេះ គឺជាលើកចុងក្រោយបំផុតហើយ ដោយនឹងមិនមានតទៀតទេ។ សរុបមក វារៃអង្គាសប្រាក់បានជាង ៥៣លានដុល្លារ សម្រាប់មូលនិធិ Glide។ យោងតាមទស្សនាវដ្តី Forbes លោក Warren Buffett គឺជាកំពូលមហាសេដ្ឋីចំណាត់ថ្នាក់លេខ៦ នៅលើពិភពលោក និងលេខ៤ នៅក្នុងសហរដ្ឋអាមេរិក៕