(បូហ្គោតា)៖ អតីតអភិបាលក្រុងបូហ្គោតា (Bogota) លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកូឡុំប៊ី ហើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។
បើតាមការរាប់សន្លឹកឆ្នោត, លោក Petro ទទួលបានសំឡេងគាំទ្រ ៥០.៥ភាគរយ ខណៈគូប្រជែងរបស់លោកគឺ លោក រ៉ូដុលហ្វូ ហឺណាន់ដែស (Rodolfo Hernandez) ទទួលបានសំឡេងគាំទ្រ ៤៧.៣ភាគរយ។
គួរបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះ លោក Petro អាយុ ៦២ឆ្នាំ បានសន្យាថានឹងដោះស្រាយបញ្ហាអសមភាពនៃការសិក្សានៅតាមសកលវិទ្យាល័យ ក៏ដូចជាធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ និងពន្ធ ព្រមទាំងអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ ជាមួយក្រុមឧទ្ទាម FARC និងស្វែងរកការពិភាក្សាជាមួយក្រុមទ័ពព្រៃ ELN ដែលនៅតែធ្វើសកម្មភាពផងដែរ៕