(សៀងហៃ)៖ ចិន បានធ្វើតេស្ដដោយជោគជ័យនូវប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោង ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មយោធាចិនដ៏មានមហិច្ឆតារបស់ លោកប្រធានាធិបតី ស៊ី ជិនពីង។ នេះបើតាមក្រសួងការពារជាតិចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងការពារជាតិចិន បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធស្ទាក់ចាប់ប្រឆាំងមីស៊ីលផ្លោង ត្រូវបានធ្វើតេស្ដនៅយប់នេះ (ថ្ងៃអាទិត្យ) ហើយការធ្វើតេស្ដនេះបានសម្រេចតាមគោលដៅរំពឹងទុក។ ប៉ុន្តែ ធ្វើតេស្ដនេះ គឺជាមធ្យោបាយការពារខ្លួនសុទ្ធសាធ មិនមានចេតនាសំដៅលើប្រទេសណាមួយនោះទេ»។
គួរបញ្ជាក់ថា ចិន ក៏ធ្លាប់បានធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីលពីមុនមកដែរ កាលពីឆ្នាំ២០២១ និង២០១៨ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា ទីក្រុងប៉េកាំង បានចាប់ផ្ដើមធ្វើតេស្ដប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង ចាប់តាំងពីឆ្នាំ២០១០មក៕