(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បានព្យាករថាសហភាពអឺរ៉ុបអាចនឹងមានជោគវាសនាដូច អតីតសហភាពសូវៀត ដោយរលាយបាត់ចេញពីផែនទីពិភពលោក មុននឹងអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។
លោក ឌីមីទ្រី ម៉េដវ៉េដេវ ដែលជាអតីតប្រធានាធិបតីរុស្ស៉ី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី ធ្វើការ កត់សម្គាល់ខាងលើ ក្នុងសារមួយសរសេរលើបណ្ដាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការប្រៀបធៀប រវាងការសន្យារបស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែន និងផែនការរបស់សហភាពសូវៀតដែលចង់កសាងលទ្ធិកម្មុយនិស្ដ។ លោក ម៉េដវ៉េដេវ បានបញ្ជាក់ ដូច្នេះថា «យើងប្រហែលជាអាចកសាងលទ្ធិកម្មុយនិស្ដបាន ប្រសិនបើសហភាពសូវៀតមិនរលំរលាយ។ តើយល់ពីអ្វីដែលខ្ញុំចង់និយាយដែរឬទេ?»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថាអ៊ុយក្រែន គួរតែទទួលបាន «ឋានៈបេក្ខភាព» ដើម្បីក្លាយជាសមាជិក សហភាពអឺរ៉ុប។ ប៉ុន្តែ ការទទួលយកអ៊ុយក្រែនជាសមាជិកត្រូវបានគេរំពឹងថាអាចនឹងចំណាយពេលរាប់ឆ្នាំ ខណៈមេដឹកនាំអឺរ៉ុបនឹងត្រូវជួបប្រជុំគ្នាដើម្បី ពិភាក្សាលើបញ្ហានេះ នៅក្នុងសប្ដាហ៍នេះ៕