(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ដេប៉ូស្ដុកទុកប្រេងមួយកន្លែង នៅក្នុងទីក្រុង ណូវ៉ូម៉ូស្កូវស្កិ៍ (Novomoskovsk) នៃភាគខាងកើត ប្រទេស បានផ្ទុះឆេះ ដោយសម្លាប់មនុស្សម្នាក់ និង ២នាក់រងរបួស បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលរុស្ស៉ីចំនួន ៣គ្រាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។
បើតាមក្រុមមន្ត្រីអ៊ុយក្រែន ក្រុមអ្នកពន្លត់អគ្គិភ័យ នៅតែបន្តព្យាយាមពន្លត់ភ្លើង ដែលឆាបឆេះដោយសារតែការវាយប្រហារដោយមីស៊ីលខាងលើ ពីសំណាក់ ទាហានរុស្ស៉ី ដែលកំពុងបង្កើនការវាយលុកលើតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នារវាងរុស្ស៉ី និងអ៊ុយក្រែន នៅក្នុងតំបន់ដុនបាស់ បានឈានដល់ដំណាក់កាលដ៏សំខាន់ នៅឯទីក្រុងស៊ីវីយេរ៉ូដូណេត ដែលលោក ហ្សេលេនស្គី ចាត់ទុកថាជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ អាចកំណត់អ្នកឈ្នះ អ្នកចាញ់ក្នុងសង្រ្គាមនៅភាគខាងកើតប្រទេស។ រុស្ស៉ីត្រូវបានគេរាយការណ៍ថាកំពុង វាយរុលទៅមុខដោយសន្សឹមៗ រីឯអ៊ុយក្រែនកំពុងទទូចឱ្យបណ្ដាប្រទេសខាងលិចបញ្ជូនអាវុធបន្ថែមមកឱ្យទីក្រុងកៀវ ជាបន្ទាន់៕