(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បាននិយាយថា ផែនការលក់យន្តហោះដ្រូនខ្នាតធំ ចំនួន៤គ្រឿង របស់រដ្ឋបាលលោកបៃដិន ទៅឱ្យអ៊ុយក្រែន ត្រូវបានផ្អាក ដោយសារការភ័យខ្លាចថាអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខសហរដ្ឋអាមេរិក ប្រសិនបើវាធ្លាក់ចូលទៅក្នុងដៃរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី ទី១៨ ខែមិថុនា ឆ្នាំ២០២២។
យន្តហោះដ្រូនប្រភេទ MQ-1C Grey Eagle អាចបំពាក់ម៉ីស៉ីល Hellfire ដែលសហរដ្ឋអាមេរិកមានបំណងលក់ឲ្យអ៊ុយក្រែននោះ គឺសម្រាប់ប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី។ ប៉ុន្តែ ផែនការនេះត្រូវបានជំទាស់ អំឡុងពេលដែលរដ្ឋបាលសន្តិសុខបច្ចេកវិទ្យាការពារជាតិនៃមន្ទីរបញ្ចកោណ បានធ្វើការត្រួតពិនិត្យយ៉ាងស៊ីជម្រៅ អំពីសុវត្ថិភាពនៅពេលដ្រូនទាំងនេះ ទៅដល់អ៊ុយក្រែន ដោយលើកឡើងថា ទិន្នន័យពីប្រព័ន្ធរ៉ាដា និង ឧបករណ៍ស៊ើបការណ៍ពីដ្រូននេះ អាចបង្កើតហានិភ័យសន្តិសុខ សម្រាប់សហរដ្ឋអាមេរិក ប្រសិនបើវាធ្លាក់ទៅក្នុងដៃរុស្ស៊ី។
អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ លោក ស៊ូ ហ្គហ្វ (Sue Gough) បានគូសបញ្ជាក់ថា «ការត្រួតពិនិត្យសុវត្ថិភាពបច្ចេកវិទ្យា គឺជាការអនុវត្តស្តង់ដារ សម្រាប់ការផ្ទេរឧបករណ៍ការពារជាតិរបស់សហរដ្ឋអាមេរិក ទៅកាន់ដៃគូអន្តរជាតិទាំងអស់ ហើយគ្រប់ករណីគឺត្រូវមានការត្រួតពិនិត្យទៅលើគុណសម្បត្តិ ឬរយៈដំណើរការរបស់វា»។
គួរបញ្ជាក់ថា យន្តហោះដ្រូន MQ-1C Gray Eagle មានតម្លៃ ១០លានដុល្លារ ក្នុង១គ្រឿង។ សម្រាប់ដំណោះស្រាយដើម្បីជំរុញការលក់ឲ្យទៅមុខ គឺការផ្លាស់ប្តូរប្រព័ន្ធរ៉ាដា និងឧបករណ៍ចាប់សញ្ញា ដែលមានស្រាប់ ប៉ុន្តែវាអាចចំណាយពេលរាប់ខែដើម្បីបញ្ចប់បញ្ហាដ៏ស្មុគស្មាញនេះ៕