(ប៉េកាំង)៖ «បើសិនជាអាមេរិកមិនដោះស្រាយបញ្ហាជាប្រព័ន្ធ ដែលមានការគំរាមកំហែងដល់ប្រជាធិបតេយ្យ នោះសវនាការលើកនេះនឹងមិនមានឥទ្ធិពលអីទេ។» នាពេលថ្មីៗកន្លងទៅនេះ លោក Nolan Higdon អ្នកសារព័ត៌មានជើងចាស់របស់អាមេរិក បានវាយតម្លៃដូច្នេះ។
គិតរហូតដល់ថ្ងៃទី១៤ ខែមិថុនា តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការពិនិត្យអង្កេតជាពិសេសរបស់សភាជាន់ទាបអាមេរិក បានបើកធ្វើសវនាការពីរលើក ពាក់ព័ន្ធនឹងរឿងចលាចលដែលកើតឡើងនៅវិមានរដ្ឋសភា។ កាលពីមួយឆ្នាំមុន នៅថ្ងៃទី៦ ខែមករា អ្នកគាំទ្ររបស់លោក ត្រាំ អតីតប្រធានាធិបតីកាលនោះ ចំនួនរាប់ពាន់នាក់បានសម្រុកចូលវិមានរដ្ឋសភា ប៉ុនប៉ងកែប្រែលទ្ធផលនៃការបោះឆ្នោតតាមរយៈកម្លាំងហិង្សា ចុងបំផុតបានបណ្តាលឱ្យមនុស្ស៥នាក់ ស្លាប់បាត់បង់ជីវិត ប៉ូលីសចំនួនជាង១៤០នាក់រងរបួស មនុស្សចំនួនជាង៧រយនាក់ត្រូវចាប់ខ្លួន។ ព្រឹតិ្តការណ៍ដែលគួរឱ្យពិភពលោកភ្ញាក់ផ្អើលនេះ ត្រូវគេចាត់ទុកថាជា «ពេលវេលាងងឹតបំផុតរបស់ប្រជាធិបតេយ្យអាមេរិក»។
ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ចាប់ពីព្រិត្តិការណ៍នៅវិមានរដ្ឋសភា ដល់ការធ្វើសវនាការ សុទ្ធតែពោពេញទៅដោយ ការប្រកួតប្រជែងរវាងគណបក្ស។ សភាជាន់ទាបដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានផ្តួចផ្តើមធ្វើការស៊ើបអង្កេត ហើយបានឃោសនាបំប៉ោងនិងផ្សព្វផ្សាយព័ត៌មានអំពីសវនាការ រីឯបក្សសាធារណរដ្ឋវិញ បែរជាស្តីបន្ទោសសមាជិក នៃក្រុមស៊ើបអង្កេតថាមាន «ភាពលំអៀង» សវនាការគ្រាន់តែជា «វិធីបំភាន់ភ្នែក» សម្រាប់បង្វែរទំនាស់តែប៉ុណ្ណោះ។
ប្រព័ន្ធសារព័ត៌មានដែលគាំទ្របក្សទាំងពីរដោយឡែកពីគ្នា ក៏បានឈរនៅម្ខាងយ៉ាងច្បាស់លាស់ដែរ ឧទាហរណ៍ដូចជាប្រព័ន្ធសារព័ត៌មានពួកសេរីភាព ដូចជាប្រព័ន្ធសារព័ត៌មានអាមេរិក CNN ជាដើមបាននាំគ្នាធ្វើការផ្សាយផ្ទាល់ និងបកស្រាយយ៉ាងជ្រាលជ្រៅចំពោះសវនាការ តែស្ថានីយទូរទស្សន៍ FOX ដែលជាប្រព័ន្ធសារព័ត៌មានពួកអភិរក្ស មិនគ្រាន់តែមិនបានចាក់ផ្សាយផ្ទាល់សវនាការលើកដំបូងតែប៉ុណ្ណោះទេ ថែមទាំងបានប្រកាសថា អត្រាទស្សនានៃសវនាការទាបណាស់ ខណៈពេលសវនាការទើបចាប់ផ្តើមតែ៥នាទី ហើយបានចាក់ផ្សាយកម្មវិធីជជែកពិភាក្សាដែលមានខ្លឹមផ្ទុយគ្នា។
ឆ្នាំនេះ ជាឆ្នាំធ្វើការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក វាច្បាស់ណាស់ គណបក្សទាំងពីមានអាកប្បកិរិយាបដិបក្ខគ្នា ទៅលើសវនាការ គឺដោយគិតពិចារណាដល់ការបោះឆ្នោត។ ដូច្នេះ ការងារស៊ើបអង្កេតដែលគួរស្វែងរកការពិតជាក់ស្តែង បានក្លាយជាកលល្បិចរបស់បក្សទាំងពីរដើម្បីធ្វើការប្រកួតប្រជែង។ ប្រការនេះមិនគ្រាន់តែបានបង្ហាញឱ្យឃើញថា ភាពបែកបាក់គ្នាខាងនយោបាយរបស់អាមេរិកមកាន់តែធ្ងន់ធ្ងរទៅ ថែមទាំងក៏បានបំផ្លាញមតិរបស់ប្រជាជនអាមេរិក យ៉ាងធ្ងន់ធ្ងរផងដែរ។
សង្គមអាមេរិកមានភាពប្រេះស្រាំកាន់តែធ្ងន់ធ្ងរ ទំនាស់គ្រប់បែបយ៉ាងត្រូវបានសន្សំទុកនិងបំផុសឡើង។ ប៉ុន្តែ អ្នកនយោបាយអាមេរិក មិនដែលគិតពីកំហុសរបស់ខ្លួន និងរកមធ្យោបាយដោះស្រាយបញ្ហាពីឬគល់នោះទេ ពួកគេបែរជាបន្តធ្វើការប្រកួតប្រជែងផលប្រយោជន៍ ជុំវិញនិងប្រធានបទ ដូចជាការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ការអុជអាលសេដ្ឋកិច្ច និងគម្រោងច្បាប់គ្រប់គ្រងកាំភ្លើងជាដើម ការខ្វែងគំនិតបានឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។
បើសិនជាអ្នកនយោបាយអាមេរិកងប់ងុលនឹងការប្រកួតប្រជែងរវាងគណបក្ស មិនអើពើរនឹងការដោះស្រាយបញ្ហាក្នុងស្រុកអាមេរិក នោះគឺមានន័យថា «ប្រជាធិបតេយ្យបែបអាមេរិក» ជិតគ្មានថ្នាំព្យាបាលហើយ សូម្បីតែធ្វើសវនាការច្រើនដល់ ប៉ុនណាក៏លែងមានប្រសិទ្ធភាពអីទេ «សុបិន្តអាក្រក់របស់អាមេរិក» នឹងកើតឡើងជាបន្តបន្ទាប់៕