(ញូដេលី)៖ ព្យុះភ្លៀងមូសុងនៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៤១នាក់ និងបានបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលបានបណ្តាលឱ្យមនុស្សរាប់លាននាក់ ត្រូវជាប់ខ្លួនទៅណាមិនរួច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។
អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា បាតុភូតរន្ទះដែលកើតឡើងដោយព្យុះភ្លៀងខាងលើ បានសម្លាប់មនុស្សយ៉ាងតិច ២១នាក់ នៅក្នុងប្រទេសបង់ក្លាដែស គិតចាប់តាំងពីថ្ងៃសុក្រសប្តាហ៍នេះ នៅក្រុងឈ្មោះថា ណាន់ដែល (Nandail)។ រីឯមនុស្ស៤នាក់ផ្សេងទៀត បានស្លាប់ក្នុងហេតុការណ៍គ្រោះបំណាក់ដី នៅក្រុង ជីតថាហ្គោង (Chittagong)។
ចំណែកនៅក្នុងប្រទេសឥណ្ឌាវិញ មនុស្សយ៉ាងហោច១៦នាក់ បានបាត់បង់ជីវិត គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅរដ្ឋ មេហាឡាយ៉ា (Meghalaya)។ រីឯរដ្ឋ អាសាម (Assam) ដែលនៅក្បែរគ្នា មានមនុស្សជិត២លាននាក់ ដែលបាននិងកំពុងទទួលរងការប៉ះពាល់ ដោយសារតែការធ្លាក់ភ្លៀងឥតស្រាកស្រាន្ត រយៈពេល៥ថ្ងៃជាប់គ្នា។
គួរបញ្ជាក់ថា ឥណ្ឌានិងបង់ក្លាដែស តែងតែរងគ្រោះថ្នាក់ដោយសារព្យុះភ្លៀងជារៀងរាល់ឆ្នាំ ប៉ុន្តែក្រុមអ្នកជំនាញ បានអះអាងថា ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យគ្រោះធម្មជាតិនេះកើតឡើង កាន់តែញឹកញាប់ កាន់តែកាចសាហាវ និងកាន់តែពិបាកក្នុងការប៉ាន់ស្មាន៕