(រ៉ាម៉ាល់ឡា)៖ ក្រុមមន្ត្រីប៉ាឡេស្ទីន នៅថ្ងៃសុក្រនេះបានអះអាងថាទាហានអ៉ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់ កំលុងប្រតិបតិ្តការ វាយឆ្មក់មួយ នៅក្នុងតំបន់វែសប៊ែង (West Bank)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។
បើតាមក្រុមមន្ត្រីប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនទាំង៣នាក់ខាងលើសុទ្ធតែជាបុរស តែមកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់លម្អិតពីអត្តសញ្ញាណ របស់ពួកគេនៅឡើយទេ។
ក្រុមមន្ត្រីប៉ាឡេស្ទីន បានបន្ថែមថាបុរសទាំង៣នាក់ ត្រូវបានទាហានអ៉ីស្រាអែល បាញ់សម្លាប់នៅក្នុងរថយន្ដមួយគ្រឿង នៅឯទីក្រុងជេនីន (Jenin) នៃតំបន់ West Bank។ ក៏ប៉ុន្តែ យោធាអ៉ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ហើយថាកំពុងប្រមូលព័ត៌មានលម្អិតបន្ថែម៕