(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) នៅថ្ងៃសុក្រនេះបាននិយាយថាលោកនឹងទៅចូលរួម កិច្ចប្រជុំដ៏សំខាន់មួយរបស់បក្សសម្ព័ន្ធយោធា NATO ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅចុងខែមិថុនានេះ ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាម ពង្រឹងទំនាក់ទំនង និងប្រមូលកម្លាំងសម្ព័ន្ធមិត្តដើម្បីឆ្លើយតបទៅនឹងសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក អាន់ថូនី អាល់បានីស បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំ NATO ជាអាទិភាព...ដើម្បីបង្ហាញ ការគាំទ្រដល់ប្រជាជនអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី»។
គួរបញ្ជាក់ថា អូស្ត្រាលីដែលមិនមែនជាសមាជិក NATO ក៏បានផ្ដល់ការគាំទ្រដល់អ៊ុយក្រែនផងដែរ ក្នុងនោះរួមមានទាំងការបញ្ជូនជំនួយមនុស្សធម៌ និងបរិក្ខារយោធាមួយចំនួន ព្រមទាំងចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ។ កិច្ចប្រជុំ NATO ក្នុងទីក្រុងម៉ាឌ្រីដ នឹងត្រូវប្រព្រឹត្តទៅពី ថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនានេះ៕