(ប៉េកាំង)៖ កាលពីថ្ងៃទី១៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិន បានជួបពិភាក្សាការងារជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៅក្រុងលុចសំបួ។
បើមើលពីដំណឹងដែលត្រូវបែកធ្លាយបន្ទាប់ពីជំនួបពិភាក្សាឱ្យដឹងថា ភាគីទាំងពីរបានធ្វើការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរមតិយោបល់ប្រកបដោយ ភាពស្មោះត្រង់ ស៊ីជម្រៅនិងលក្ខណៈស្ថាបនា ដោយឯកភាពគ្នាថានឹងចាត់ទុក ការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់ ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានឈានដល់ជាការណែនាំ បង្កើនការទាក់ទងនិងកិច្ចសន្ទនា កាត់បន្ថយការយល់ច្រឡំនិងវិនិច្ឆ័យខុសឆ្គង ក៏ដូចជាគ្រប់គ្រងនិងដោះស្រាយ ការខ្វែងគំនិតដោយសមរម្យ។
នេះជាលើកទីបួនដែលមន្ត្រីជាន់ខ្ពស់ចិននិងអាមេរិកពីររូប រៀបចំជំនួបពិភាក្សាទល់មុខក្នុងរយៈពេលពីរឆ្នាំកន្លងទៅ បន្ទាប់ពីជំនួបពិភាក្សានៅក្រុង Anchorage ក្រុង Zurich និងក្រុងរ៉ូម។ បើនិយាយជាទូទៅ ជំនួបពិភាក្សាលើកនេះ បានបង្ហាញពីគោលបំណងដែលភាគីទាំងពីរចិននិងអាមេរិក នឹងរក្សាការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរ ចំពោះមជ្ឈដ្ឋានខាងក្រៅ។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិក កំពុងស្ថិតក្នុងផ្លូវបំបែកជាគន្លឹះ។
លក្ខណៈពិសេសនៃផ្លូវបំបែកនេះគឺមិនត្រឹមតែ អ្នកសម្រេចគោលនយោបាយត្រូវដឹងថា នឹងដើរទៅណាប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបោះជំហានយ៉ាងពិតប្រាកដផងដែរ។ អំពីទិសដៅនៃទំនាក់ទំនងទ្វេភាគី តាមការពិត មេដឹកនាំកំពូលចិននិងអាមេរិក បានមានគំនិតឯកភាពរួចហើយ។
លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគោលការណ៍បីចំណុះ គឺគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយលោក Joe Biden ប្រធានាធិបតីអាមេរិកក៏បានលើកឡើង ពាក្យសន្យាមួយចំនួនជាច្រើនលើកផងដែរ ពោលគឺ មិនស្វែងរកការធ្វើសង្គ្រាមត្រជាក់ មិនស្វែងរកការកែប្រែប្រព័ន្ធរបបប្រទេសចិន មិនស្វែងរកការប្រឆាំងនឹងប្រទេសចិន តាមរយៈបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្ត មិនគាំទ្រតំបន់តៃវ៉ាន់ឯករាជ្យនិងគ្មានចេតនា កើតមានការប៉ះទង្គិចជាមួយប្រទេសចិន ដែលជាខ្លឹមសារជាក់ស្តែង នៃគំនិតឯកភាពនេះ។
ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ គំនិតឯកភាពរួមដ៏សំខាន់រវាងប្រមុខរដ្ឋចិននិងអាមេរិក នៅតែមិនអាចត្រូវបានអនុវត្តនៅសហរដ្ឋអាមេរិក នៅឡើយទេ រហូតដល់សកម្មភាពរបស់ភាគីអាមេរិក បានធ្វើផ្ទុយនឹងការបង្ហាញអាកប្បកិរិយារបស់មេដឹកនាំរបស់អាមេរិក ។ បើប្រៀបធៀបនឹងភាគីអាមេរិក ភាគីចិនបានបង្ហាញពីភាពស្មោះត្រង់និងសុទ្ធចិត្ត ក្នុងការអនុវត្តគំនិតឯកភាពរួមរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ។
បើមើលពីខ្លឹមសារដែលជំនួបពិភាក្សាលើកនេះបានបែកធ្លាយឱ្យដឹងថា ភាគីចិនបានបង្ហាញយ៉ាងច្បាស់លាស់ នូវគំនិតជំរុញការកែលម្អទំនាក់ទំនងរវាងចិននិងអាមេរិក ពោលគឺ ពិភាក្សាអំពីផ្លូវនិងមធ្យោបាយ ដើម្បីសម្រេចបាននូវគោលការណ៍ទាំងបីចំណុច។ មិនថាបទពិសោធន៍ប្រវត្តិសាស្ត្រ ឬក៏ភាពជាក់ស្តែងនាពេលបច្ចុប្បន្ន សុទ្ធតែបង្ហាញថា ប្រសិនបើភាគីអាមេរិកមានភាពស្មោះត្រង់ដូចភាគីចិន គោរពតាមគោលការណ៍បីចំណុច ដែលលើកឡើងដោយមេដឹកនាំរបស់ចិន និងជំរុញយ៉ាងប្រាកដប្រជាឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក វិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ដ៏ល្អប្រសើរវិញ នោះ វាមិនត្រឹមតែមានអំណោយផលដល់ទំនាក់ទំនងរវាងចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ ការដោះស្រាយបញ្ហាដែលសហរដ្ឋអាមេរិក បានប្រឈមមុខនាពេលបច្ចុប្បន្ននេះផងដែរ។
អ្វីដែលអ្នកផងទាំងពួងយកចិត្តទុកដាក់នោះគឺ តើពេលណាទើបពាក្យសន្យារបស់ភាគីអាមេរិក ចំពោះប្រទេសចិនលែងរសាត់តាមខ្យល់?