(ប៉េកាំង)៖ ដល់រដូវកាលប្រមូលផលស្រូវសាលីហើយ នាពេលថ្មីៗនេះ ក្នុងវាលស្រែរបស់លោក Sun Wenchao កសិករដាំគ្រាប់ធញ្ញជាតិធំនៃឃុំ Mingji រលកស្រូវសាលីពណ៌មាសឡើងចុះមិនដាច់ គ្រឿងចក្រធុនធំបញ្ចេញសំឡេងលាន់រំពង នាំមកនូវភាពសប្បាយរីករាយដែលបានមកពីការប្រមូលផល។
លោក Sun Wenchao បានថ្លែងថា «ឆ្នាំនេះខ្ញុំបានដាំស្រូវសាលី ៣០ហិកតា ថ្ងៃនេះចាប់ផ្តើមប្រមូលផល។ សហករណ៍អភិវឌ្ឍកសិកម្ម បានចាត់បញ្ជូនម៉ាស៊ីនច្រូតពីរគ្រឿងមកឱ្យខ្ញុំ ប្រមូលបាន ១ភាគ៤ រសៀលនឹងបញ្ជូនពីរគ្រឿងទៀតមកឱ្យខ្ញុំ ថ្ងៃនេះអាចនឹងច្រូតកាត់ទាំងអស់»។
បច្ចុប្បន្ន ការផលិតស្បៀងបានឈានចូលដំណាក់កាលគន្លឹះ នៅតំបន់នានានៃក្រុង Zouping ខេត្ត Shandong ប្រទេសចិន បានផ្តល់សេវាយន្តូបនីយកម្មឆ្លាតវៃ ដែលបានលើកកម្ពស់ប្រសិទ្ធភាពនៃការផលិត និងបង្កើតជាល្បឿនផលិតថ្មី។ លោក Liu Shuibo នាយកសហករណ៍អភិវឌ្ឍន៍សកម្មក្រុង Zouping បានប្រាប់ថា «ឆ្នាំនេះសហករណ៍បានផ្តល់សេវា ដល់កសិករទាំងអស់ ដើម្បីចុះហត្ថលេខាជាមួយ អ្នកបើកគ្រឿងចក្រមុនពេលកំណត់។ ឆ្នាំទៅមិញ កសិករទាក់ទងជាមួយ អ្នកបើកគ្រឿងចក្រដោយខ្លួនឯង ក្នុងតម្លៃយ៉ាងហោច ១,២០០ យាន់មួយហិកតា ឆ្នាំនេះសហករណ៍ជួយទាក់ទង គ្រាន់តែចំណាយ ៧៥០ យាន់ប៉ុណ្ណោះក្នុងមួយហិកតា»។
ដោយរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នារដូវស្លឹកឈើជ្រុះនាឆ្នាំទៅមិញ ខេត្ត Shandong ដាំស្រូវសាលីយឺតបង្គួរ ការលូតលាស់នៃស្រូវសាលីមិនសូវល្អ។ ទោះជាយ៉ាងនេះក្តី បើធៀបនឹងកសិករតំបន់ផ្សេងទៀត កសិករដាំគ្រាប់ធញ្ញជាតិក្រុងZoupingមិនត្រឹមតែបានលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយដើមទុនទៀតផង។
នៅឃុំ Mingji កសិករដាំគ្រាប់ធញ្ញជាតិទ្រង់ទ្រាយធំមានចំនួនច្រើន ពួកគេមាន គ្រឿងយន្តកសិកម្មខ្លះរៀងៗខ្លួន។ នៅពេលជាប់រវល់ កសិកររវល់តែឯង ហើយពេលធ្វើការរួចគ្រឿងចក្រក៏នៅទំនេរ អត្រាប្រើប្រាស់ទាប។ នៅចុងឆ្នាំ២០២១ រដ្ឋបាលឃុំ Mingji បានរៀបចំអ្នកដាំគ្រាប់ធញ្ញជាតិធំ ឱ្យបង្កើតសហករណ៍អភិវឌ្ឍន៍កសិកម្ម Mingji ដើម្បីប្រមូលផ្តុំគ្រឿងចក្រ និងឧបករណ៍កសិកម្មសម្រាប់ចាត់ចែង និងប្រើប្រាស់ជាទូទៅ។
ពេលនេះ គ្រួសារមួយរវល់រួច គេនឹងទៅផ្ទះកសិករដទៃទៀតដើម្បីជួយធ្វើការ អ្នកទាំងអស់គ្នាជួយគ្នាទៅវិញទៅមក ហើយប្រសិទ្ធភាពនៃការប្រើប្រាស់ ក៏មានភាពប្រសើរឡើងជាខ្លាំង ការចំណាយត្រូវបានកាត់បន្ថយ ហើយប្រាក់ចំណូលក៏កើនឡើងដែរ។ លោក Song Ming បាននិយាយថា ប៉ុន្មានឆ្នាះចុងក្រោយនេះ ប្រាក់ចំណូលសុទ្ធជាមធ្យមក្នុងមួយហិកតាគឺ ៦,០០០ ដល់ ៧,៥០០ យាន់៕
ដោយ វិទ្យុមិត្តភាពកម្ពុជាចិន