(ប្រាទីស្លាវ៉ា)៖ រដ្ឋមន្រ្តីការពារជាតិស្លូវ៉ាគី លោក ហ្សារ៉ូស្លាវ ណាដ (Jaroslav Nad) នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ប្រទេសស្លូវ៉ាគីបានបរិច្ចាគឧទ្ធម្ភាគចក្រយោធាស៊េរី Mi ដែលរចនាឡើងដោយសូវៀតចំនួន ៥គ្រឿង និងគ្រាប់រ៉ុក្កែត Grad រាប់ពាន់គ្រាប់ដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។
លោក Nad បានសរសេរសារបង្ហោះនៅលើគណនីបណ្ដាញសង្គម Twitter បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំរបស់ក្រុមរដ្ឋមន្រ្តីនៃអង្គការ NATO និងមកពីបណ្តាប្រទេសលោកខាងលិចផ្សេងទៀត នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិកថា «ខ្ញុំរីករាយក្នុងការបញ្ជាក់ថា គ្រាប់រ៉ុក្កែត Grad ប្រភេទ១២២មីលីម៉ែត្រ រាប់ពាន់គ្រាប់ និងឧទ្ធម្ភាគចក្រយោធាស៊េរី Mi ចំនួន ៥គ្រឿង ត្រូវបានបរិច្ចាគដោយសុវត្ថិភាព ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។
ឧទ្ធម្ភាគចក្រយោធា M1 ទាំងនោះ រួមមានធុន Mi-17 ចំនួន ៤គ្រឿង និងធុន Mi-2 ចំនួន ១គ្រឿង ហើយលោក Nad បានបន្ថែមថា ពួកវាត្រូវបានជំនួសមកវិញជាមួយ ឧទ្ធម្ភាគចក្រយោធា UH-60M Black Hawk ដែលផលិតដោយសហរដ្ឋអាមេរិក រួចរាល់ហើយ។
គួរបញ្ជាក់ថា ក្នុងនាមជាសមាជិកអង្គការ NATO និងជាប្រទេសជិតខាងរបស់អ៊ុយក្រែន ស្លូវ៉ាគីបានគាំទ្រយ៉ាងខ្លាំងដល់ ដល់វិស័យការពារជាតិរបស់អ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ កន្លងមក ស្លូវ៉ាគីក៏បានបរិច្ចាគសម្ភារៈយោធា និងគ្រាប់កាំភ្លើងផ្សេងទៀត រួមមានទាំងប្រព័ន្ធមីស៉ីលការពារដែនអាកាស S-300 ផងដែរ ហើយបានយល់ព្រមលក់កាំភ្លើងធំ Howitzer ប្រភេទ ហ៊្សូហ្សាណា-ធូ (Zuzana 2) ចំនួន ៨គ្រឿងថែមទៀតផង ដល់ទីក្រុងកៀវ៕