(ព្រុចសែល)៖ រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រ៊ិច (Christine Lambrecht) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ដែលអាល្លឺម៉ង់បានសន្យាផ្តល់ទៅឲ្យទីក្រុងកៀវ អាចនឹងបញ្ជូនទៅដល់អ៊ុយក្រែន នៅអំឡុងខែកក្កដា ឬ ខែសីហា ខាងមុខនេះ បន្ទាប់ពីកងទ័ពអ៊ុយក្រែន ទទួលលការបណ្តុះបណ្តាលពី របៀបប្រើប្រាស់អាវុធទាំងនេះរួចរាល់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហហ្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំំ២០២២។
លោកស្រី ឡាំប្រ៊ិច បានប្រាប់អ្នកសារព័ត៌មាន កំលុងពេលទៅដល់ទីក្រុងព្រុចសែល សម្រាប់កិច្ចពិភាក្សានៅថ្ងៃទី២ ជាមួយសមភាគី NATO យ៉ាងដូច្នេះថា «ការហ្វឹកហ្វឺនលើរបៀបប្រើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតទាំងនេះ អាចនឹងចាប់ផ្តើមនាចុងខែមិថុនា ដូច្នេះមានន័យថា អាល្លឺម៉ង់អាចបញ្ជូនឱ្យដល់ដៃអ៊ុយក្រែន នៅចុងខែកក្កដា ឬដើមខែសីហា»។
គួរបញ្ជាក់ថា ការប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់នាពេលនេះ គឺស្របគ្នានឹងដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ រួមជាមួយមេដឹកនាំបារាំងនិងអ៉ីតាលី ទៅកាន់ទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ុយក្រែន៕