(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) បាននិយាយថា លោកនឹងចូលរួមកិច្ចប្រជុំកំពូល របស់អង្គការណាតូ (NATO) ដែលគ្រោងធ្វើឡើងនាចុងខែមិថុនានេះ នៅឯទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ ខណៈដែលលោកនឹងធ្វើឲ្យលោកក្លាយជាមេដឹកនាំជប៉ុនដំបូងគេ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់លោក Kishida កាលពីថ្ងៃពុធសប្តាហ៍នេះ ធ្វើឡើងមុនពេលដែលប្រទេសចំនួន ៣០ ដែលជាសមាជិករបស់បក្សសម្ព័ន្ធយោធា NATO ត្រូវជួបជុំគ្នា ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ចំពោះមុខស្ថានការណ៍សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដែលបានអូសបន្លាយរយៈពេលជិត ៤ខែមកហើយនោះ។
លោក គីស៉ិដា បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ការចូលរួមរបស់លោក ក្នុងកិច្ចប្រជុំកំពូល NATO គឺមានបំណងគូសបញ្ជាក់អំពី ភាពប្រទាក់ក្រឡាគ្នាលើការព្រួយបារម្ភផ្នែកសន្តិសុខនៅអឺរ៉ុប និងអាស៊ី»។ លោក គីស៉ិដា បានបន្ថែមថា «ខ្ញុំមានប្រផ្នូលថា បញ្ហាដែលកំពុងកើតមាននៅអ៊ុយក្រែនថ្ងៃនេះ អាចនឹងកើតឡើងនៅអាស៉ីបូព៌ា នៅថ្ងៃស្អែក»។
គួរបញ្ជាក់ថា ក្រៅពីជប៉ុន, ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលបានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អង្គការ NATO នោះ ក៏គ្រោងនឹងបញ្ចូនគណៈប្រតិភូរបស់ខ្លួនទៅចូលរួមផងដែរ ស្របពេលដែល លោក យូន ស៊ុកយុល ក៏នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលនឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ៕