(កៀវ)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron), អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) និងនាយករដ្ឋមន្រ្តីអ៉ីតាលី ម៉ារីអូ ដ្រាហ្គី (Mario Draghi) បានធ្វើដំណើររួមគ្នាទៅដល់ទីក្រុងកៀវហើយ ខណៈទស្សនកិច្ចរួមនេះ គឺជាការបង្ហាញពីការបន្តគាំទ្រឥតឈប់ឈរ សម្រាប់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយការវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
មេដឹកនាំអឺរ៉ុបទាំង៣រូប បានធ្វើដំណើរទៅដល់រដ្ឋធានីរបស់អ៊ុយក្រែន តាមរយៈការជិះរថភ្លើងរួមគ្នា។ ពេលទៅដល់ លោក ម៉ាក្រុង បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាពេលវេលាដ៏សំខាន់មួយ ហើយជាសារបង្ហាញពីការរួមសាមគ្គីភាព ដែលយើងកំពុងតែផ្ញើឱ្យ ប្រជាជនអ៊ុយក្រែនទាំងអស់»។
នៅពេលចោទសួរថាតើ ហេតុអ្វីបានជាដំណើរទស្សនកិច្ចធ្វើឡើងនាពេលនេះ មន្រ្តីវិមានប្រធានាធិបតីបារាំងម្នាក់ បានឆ្លើយតបថា ក្រោយឆ្លងកាត់ការពិចារណា គឺវាជាជម្រើសប្រសើរបំផុតក្នុងការបំពេញទស្សនកិច្ចនេះ នៅមុនកិច្ចប្រជុំកំពូល EU សប្តាហ៍ក្រោយ ដែលនឹងត្រូវពិភាក្សាអំពី ការផ្តល់ឋានៈជាបេក្ខភាពសមាជិករបស់ EU ដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា កន្លងមក ទីក្រុងកៀវបានរិះគន់បារាំង អាល្លឺម៉ង់ ព្រមទាំងអ៉ីតាលីផងដែរ ជុំវិញភាពយឺតយ៉ាវនៃការផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន ហើយព្រមទាំងថា ពួកគេទុកវិបុលភាពរបស់ប្រទេសខ្លួនឯង នៅពីមុខសេរីភាពនិងសន្តិសុខរបស់អ៊ុយក្រែន។ យ៉ាងណាក្តី កំលុងទស្សនកិច្ចរបស់ក្រុមមេដឹកនាំអឺរ៉ុបនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវគេរំពឹងថា នឹងបន្តទទូចឱ្យពួកគេ បញ្ជូនអាវុធបន្ថែមទៀតឱ្យបានឆាប់រហ័ស ដើម្បីជួយកងទ័ពរបស់លោកប្រយុទ្ធតទល់នឹងរុស្ស៉ី៕