(មូស្គូ)៖ លោក អាឡិចហ្សានដឺ ហ្គីនស្បឺក (Alexander Gintsburg) នាយកនៃវិទ្យាស្ថានស្រាវជ្រាវរុស្ស៉ី ហ្គាម៉ាឡេយ៉ា (Gamaleya) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ កំលុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៃទីក្រុងសាន់ ភីធើស្បឺក (St. Petersburg) នៃប្រទេសរុស្ស៉ីថា វ៉ាក់សាំងបង្ការជំងឺអុតស្វា (Monkeypox) គឺត្រូវការបំផុតក្នុងប្រទេសរុស្ស៉ី ចាប់តាំងពីវាបានផ្ទុះឡើងនៅក្នុងបណ្ដាប្រទេសជាច្រើន លើពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។
លោក Gintsburg បាននិយាយក្នុងការឆ្លើយតប នឹងសំណួរដែលត្រូវបានសួរថា៖ «វ៉ាក់សាំងបង្ការជំងឺអុតស្វា ពិតត្រូវការនៅក្នុងប្រទេសរុស្ស៉ី។ សព្វថ្ងៃនេះ គ្មាននរណាម្នាក់អាចពន្យល់ពីមូលហេតុដែលជំងឺអុតស្វា កំពុងឆ្លងរីករាលដាលពាសពេញពិភពលោក ដោយគ្មានហេតុផលច្បាស់លាស់នោះទេ ខណៈជាធម្មតាវាកម្រឆ្លងរីករាលដាល នៅខាងក្រៅទ្វីបអាហ្វ្រិកណាស់។ ខ្ញុំខ្លាចថាវាមិនអាចពន្យល់បាន ត្រឹមតែមូលហេតុមកពី ការមានទំនាក់ទំនងផ្លូវភេទតែមួយមុខណាស់។ ចំនួនករណីឆ្លង កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ»។
បើតាមអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានឱ្យដឹងថា មានករណីឆ្លងជំងឺអុតស្វាជាង ១,៦០០ករណី និងករណីសង្ស័យជិត ១,៥០០ករណី ត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០២២នេះ។ របាយការណ៍បែបនេះ បានមកពីប្រទេសចំនួន ៣៩ លើពិភពលោក៕