(តែលអាវីវ)៖ រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល យ៊ែរ ឡាពីដ (Yair Lapid) កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ប្រទេសលោកមានក្តីរំពឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មកកាន់តំបន់មជ្ឈិមបូព៌ា នៅខែក្រោយនេះ នឹងអាចជួយធ្វើឱ្យទំនាក់ទំនងរបស់អ៉ីស្រាអែល ជាមួយអារ៉ាប៊ីសាអូឌីត មានភាពប្រសើរឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។
លោក Lapid បានលើកឡើងយ៉ាងដូច្នេះថា «ការពិតដែលលោកប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរចេញពីទីនេះផ្ទាល់ទៅកាន់ អារ៉ាប៊ីសាអូឌីត ប្រហែលចង់រំលេចពីតំណភ្ជាប់រវាងដំណើរទស្សនកិច្ចនោះ និងសមត្ថភាពធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាងមុន»។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សេតវិមានបានទទួលស្គាល់ជាផ្លូវការថា លោក បៃដិន នឹងមកបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ជាលើកដំបូង។ លោកនឹងធ្វើដំណើរមកកាន់អ៉ីស្រាអែល ព្រមទាំងតំបន់ វែសប៊ែង (West Bank) ហើយបន្ទាប់មកទៀតគឺទៅកាន់ អារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា ជាយូរណាស់មកហើយ បណ្តាមេដឹកនាំអ៉ីស្រាអែលបាននិយាយថា ពួកគេចង់ធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងជាមួយក្រុមប្រទេសអារ៉ាប់ ដែលបានទទូចឱ្យអ៉ីស្រាអែលបញ្ចប់ការត្រួតត្រាទាំងស្រុងរបស់ខ្លួន នៅលើទឹកដីរបស់ប៉ាឡេស្ទីន។ កន្លងមកនេះ ប្រទេសបារ៉ែន ស៊ូដង់ ម៉ារ៉ុក និងអេមីរ៉ាត់អារ៉ាប់រួម បានបង្កើតទំនាក់ទំនងការទូតផ្លូវការរួចរាល់ហើយ ជាមួយអ៉ីស្រាអែល នៅក្រោមកិច្ចព្រមព្រៀង អាប្រាហាំ (Abraham) ដែលជំរុញដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យ៉ាងណាមិញ អ៉ិស្រាអែលនិងអារ៉ាប៊ីសាអូឌីត មិនមានទំនាក់ទំនងការទូតជាមួយគ្នាទេ៕