(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការផ្ទុះឡើងនូវមេរោគម្យ៉ាង ដែលត្រូវបានរកឃើញក្នុងពោះវៀន ដោយការផ្ទុះឡើងនូវមេរោគថ្មីនេះ អាចនឹងធ្វើឲ្យកូរ៉េខាងជើងកាន់តែជួបការលំបាក ខណៈដែលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា មេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) បានចេញបញ្ជាឲ្យមានការបញ្ជូនថ្នាំទៅកាន់ទីក្រុងកំពង់ផែ ហេជូ (Haeju) ភាគខាងលិច កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីសង្រ្គោះអ្នកជំងឺ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែ KCNA មិនបានបញ្ជាក់អំពី ចំនួនអ្នកដែលរងផលប៉ះពាល់ ឬ ព័ត៌មានលម្អិតអំពីប្រភេទនៃជំងឺនេះទេ ដោយគ្រាន់តែសំដៅទៅលើ មេរោគក្នុងក្រពះ ឬពោះវៀន។
គួរបញ្ជាក់ថា ការផ្ទុះឡើងនូវជំងឺរាតត្បាតថ្មីមួយទៀតនេះ កើតឡើងចំពេលដែលកូរ៉េខាងជើង កំពុងដោះស្រាយបញ្ហាជំងឺកូវីដ ១៩ ស្រាប់ ចំពោះមុខការព្រួយបារម្ភអំពីបញ្ហាខ្វះខាតវ៉ាក់សាំង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។ បើទោះបីជាកូរ៉េខាងជើងបានអះអាងថា រលកឆ្លងនៃជំងឺកូវីដ ១៩ បានបង្ហាញពីសញ្ញាថយចុះក្តី ប៉ុន្តែអង្គការសុខភាពពិភពលោកបានដាក់ការសង្ស័យថា ស្ថានភាពគឺទំនងជាកាន់តែអាក្រក់ទៅៗ៕