(បេរូត)៖ ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក បាននិយាយថា ពួកគេបានឃុំខ្លួនមេដឹកនាំក្រុម ISIS ជាន់ខ្ពស់ នៅក្នុងប្រទេសស៉ីរីកំលុង ប្រតិបត្តិការវាយឆ្មក់ នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។
ក្រុមចម្រុះបានធ្វើការវាយឆ្មក់ និងវាយប្រហារលើសមាជិករបស់ក្រុម ISIS ដែលបាន និងកំពុងបះបោរ ចាប់តាំងពីពួកគេបរាជ័យក្នុងសមរភូមិ កាលពី ៣ឆ្នាំមុន។ ប៉ុន្តែ ក្រុមចម្រុះមិនបានបញ្ជាក់ពីទីតាំងនៃការវាយឆ្មក់ នៅថ្ងៃព្រហស្បតិ៍នេះនោះទេ។ បើតាមសេចក្តីថ្លែងការណ៍, «បុគ្គលដែល ត្រូវបានឃុំឃាំង ត្រូវបានគេវាយតម្លៃថា គឺជាអ្នកផលិតគ្រាប់បែកដ៏មានបទពិសោធន៍ និងជាអ្នកសម្របសម្រួលដែលបានក្លាយជា មេដឹកនាំកំពូលមួយក្រុម ក្នុងប្រទេស៉ីរី»។
គួរបញ្ជាក់ថា កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក កាលពីខែកុម្ភៈ បានធ្វើការវាយឆ្មក់ឧទ្ធម្ភាគចក្រនៅក្នុងខេត្តអ៉ីដលីប (Idlib) នៃប្រទេសស៊ីរី ដែលគ្រប់គ្រងដោយក្រុម ISIS និងបានសម្លាប់មេដឹកនាំ ISIS ម្នាក់ឈ្មោះ អាប៊ូ អ៉ីប្រាហ៉ីម អាល់ ហាស់សេមី អាល់ គូរ៉ៃស៉ី (Abu Ibrahim Al-Hashemi Al-Quraishi)។ គូរ៉ៃស៉ី គឺជាអ្នកដឹកនាំក្រុម ISIS ចាប់តាំងពីការស្លាប់ស្ថាបនិករបស់ក្រុមនេះ គឺលោក អាប៊ូ បាកើត អាល់បាកដាឌី (Abu Bakr al-Baghdadi) ដែលបានស្លាប់ ក្នុងការវាយឆ្មក់របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩៕