(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងការហៅទូរសព្ទមួយកាលពីថ្ងៃពុធថា ទីក្រុងប៉េកាំងនឹងបន្តគាំទ្រទីក្រុងមូស្គូលើ «អធិបតេយ្យភាព និងសន្តិសុខ» នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចុះផ្សាយបន្តដោយសារព័ត៌មាន France24 នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តផ្តល់ការគាំទ្រទៅវិញទៅមក (ដល់ប្រទេសរុស្ស៊ី) លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗដូចជាអធិបតេយ្យភាព និងសន្តិសុខ។
វាជាការហៅទូរសព្ទជាលើកទីពីរហើយ រវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក ពូទីន បានចាប់ផ្តើមការលុកលុយលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។
យោងតាមទូរទស្សន៍ CCTV ដដែល លោក ស៊ី បានសរសើរ «សន្ទុះដ៏ល្អនៃការអភិវឌ្ឍន៍» នៅក្នុងទំនាក់ទំនងទ្វេភាគីចាប់តាំងពីដើមឆ្នាំនេះ «ក្នុងការប្រឈមមុខនឹងភាពចលាចល និងការផ្លាស់ប្តូរពិភពលោក»៕