(អង់ការ៉ា)៖ ប្រទេសតួកគីបានច្រានចោលការអញ្ជើញរបស់ NATO ឱ្យចូលរួមក្នុងកិច្ចចរចាត្រីភាគីជាមួយប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងគោលបំណងស្វែងរកដំណោះស្រាយចំពោះការប្រឆាំងរបស់ទីក្រុងអង់ការ៉ា ជុំវិញសំណើរបស់ប្រទេស Nordic ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Financial Times នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
ទីក្រុងអង់ការ៉ាបានស្នើឱ្យទីក្រុង Helsinki និង Stockholm បង្កើតសំណើជាក់លាក់ដើម្បីដោះស្រាយកង្វល់ភេរវកម្មរបស់ខ្លួន មុនពេលយល់ព្រមសម្របសម្រួលកិច្ចចរចា ដោយបង្ខំឱ្យមន្ត្រីអង្គការ NATO ព្យាយាមឈានដល់កិច្ចព្រមព្រៀងតាមរយៈការពិភាក្សាទ្វេភាគីជាមួយប្រទេសនីមួយៗ។
ជំរុញដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យចូលរួមអង្គការ NATO កាលពីខែមុន ហើយមេដឹកនាំសម្ព័ន្ធមិត្តបាននិយាយថា ពួកគេរំពឹងថាពាក្យស្នើសុំរបស់ពួកគេនឹងឆ្លងកាត់ដំណាក់កាលដំបូង នៃការអនុម័តក្នុងរយៈពេលប៉ុន្មានសប្តាហ៍។
ប៉ុន្តែការជំទាស់របស់ប្រទេសតួកគីបានបង្កកដំណើរការនោះ ដោយប្រធានាធិបតី លោក Recep Tayyip Erdoğan បានហៅប្រទេសទាំងពីរថាជា «ជម្រក» សម្រាប់ភេរវករ និងបានចោទប្រកាន់ស៊ុយអែតពីការបរាជ័យក្នុងការបង្ក្រាបសមាជិក នៃគណបក្សពលករឃឺដ (PKK) ដែលជាកងជីវពលប្រដាប់អាវុធដែលបានប្រយុទ្ធជាមួយតួកគី តាំងពីទសវត្សរ៍ឆ្នាំ១៩៨០៕