(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨៦៦ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៤៨ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Hai Phong មានចំនួន១២៣ករណី និងខេត្ត Nghe An ចំនួន ៤៣ករណី។
ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃពុធនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។
គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៣៤,១៥១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៥៧៤,២៧០នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៣នាក់៕