(ឡុងដ៍)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធ ១៥ មិថុនានេះថា ការប្រាស្រ័យទាក់ទងនៅតែ «សំខាន់» នៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងជុំវិញការបន្តសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទមួយកាលពីថ្ងៃពុធ នៅពេលសួរអំពីស្ថានភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីថា «ការប្រាស្រ័យទាក់ទងមានសារៈសំខាន់ណាស់។ នៅពេលអនាគតយើងនឹងនៅតែត្រូវការប្រាស្រ័យទាក់ទងគ្នា»។
លោកបានសង្កត់ធ្ងន់ថា «អាមេរិក មិនទៅណាទេអឺរ៉ុបក៏មិនទៅណាដែរ ដូច្នេះយើងនឹងត្រូវទាក់ទងជាមួយពួកគេ»។
គួរបញ្ជាក់ថា សូម្បីតែមុនពេលដែលទីក្រុងមូស្គូបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់ប្រទេសអ៊ុយក្រែននៅក្នុងអ្វីដែលគេហៅថា «ប្រតិបត្តិការយោធាពិសេស»នោះក៏ដោយ ក៏ទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចបានឈានដល់ចំណុចទាបបំផុតរបស់ពួកគេរួចទៅហើយ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់៕