(បាងកក)៖ នៅថ្ងៃពុធនេះ ក្រុមគណបក្សប្រឆាំងនៅប្រទេសថៃ បានដាក់សំណើឱ្យមានការរៀបចំ ការបោះឆ្នោតដកសេចក្តីទុកចិត្តពី នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា រួមទាំងរដ្ឋមន្រ្តី១០រូប នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោក ជាមួយការចោទប្រកាន់ពួកគេថា ប្រព្រឹត្តអំពើពុករលួយ, អសមត្ថភាពចាត់ចែងសេដ្ឋកិច្ចជាតិ, បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងក្រាញអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
ក្រុមបក្សប្រឆាំងថៃរំពឹងថា ការជជែកដេញដោលជុំវិញសំណើខាងលើ នឹងធ្វើឡើងនៅខែក្រោយ រួមជាមួយក្តីសង្ឃឹមថា វានឹងអាចទម្លាក់រដ្ឋាភិបាល ដែលមាន១៧គណបក្សរបស់លោក ប្រាយុទ្ធ ចាន់អូចា បាន។ យ៉ាងណាក៏ដោយ វានឹងក្លាយជាការបោះឆ្នោតដកសេចក្តីទុកចិត្ត លើកចុងក្រោយបំផុត ដែលលោក ប្រយុទ្ធ នឹងត្រូវប្រឈម មុនពេលរូបលោកផុតអាណត្តិ នាខែមីនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ដែលជាមេបញ្ជាការយោធាចូលនិវត្តន៍ ហើយបច្ចុប្បន្នមានវ័យ៦៨ឆ្នាំ បានឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤។ កន្លងមក លោកធ្លាប់បានឆ្លងផុត ការបោះឆ្នោតដកសេចក្តីទុកចិត្តចំនួន ៣លើក រួចមកហើយ គិតចាប់តាំងពីការបោះឆ្នោតសកល កាលពីឆ្នាំ២០១៩៕