(ប៊ុយការ៉េស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាំបាច់នឹងត្រូវតែជួបពិភាក្សាគ្នាជាមួយភាគីរុស្ស៊ី នៅពេលណាមួយ ដោយមិនអាចចៀសបានឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២
ការលើកឡើងរបស់លោកម៉ាក្រុង ខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោក បំពេញទស្សនកិច្ចទៅកាន់ប្រទេសរូម៉ានី និង ប្រទេសម៉ុលដាវី។ លោក ម៉ាក្រុង បានគូសបញ្ជាក់ «ប្រធានាធិបតីអ៊ុយក្រែន និងមន្ត្រីរបស់លោក ត្រូវតែជួបចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាម»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកម៉ាក្រុង គឺជាការចាប់ផ្តើមដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ ទៅកាន់ផ្នែកប៉ែកខាងត្បូង របស់អង្គការណាតូ។ ប្រភពការទូតមិនបញ្ចេញឈ្មោះពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក ម៉ាក្រុង ក៏អាចធ្វើដំណើរទៅកាន់ទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រួមជាមួយអធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីអ៊ីតាលី ដើម្បីជួបពិភាក្សាជាមួយ លោក ហ្សេលេនស្គី ផងដែរ៕