(ហ្សឺណែវ)៖ ក្រុមមន្ត្រីស្វីស បានរាយការណ៍ឱ្យដឹងថា ដែនអាកាសស្វីសបានបើកដំណើរការឡើងវិញហើយនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលមានបញ្ហាកុំព្យូទ័រ ដែលបានបណ្ដាលឱ្យមានការផ្អាកការហោះហើរ ទូទាំងប្រទេសនៃតំបន់ជួរភ្នំអាល់មួយនេះ អស់រយៈពេលជាច្រើនម៉ោង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Alarabiya News នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
សេវាកម្មគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ស្វីស Skyguide បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter ថា «ដែនអាកាសស្វីស ឥឡូវត្រូវបានបើកវិញហើយ បន្ទាប់ពីបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ Skyguide ត្រូវបានដោះស្រាយរួចរាល់ហើយ»។
ទោះជាយ៉ាងណា Skyguide មិនបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យមានបញ្ហា រហូតដល់បិទដែនអាកាសស្វីស អស់រយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃពុធនេះទេ ប៉ុន្តែបាននិយាយថា «ចរាចរណ៍ផ្លូវអាកាសស្វីស និងប្រតិបត្តិការនៅអាកាសយានដ្ឋានជាតិ នៃទីក្រុងហ្សឺណែវ (Geneva) និងហ្សួរិច (Zurich) កំពុងដំណើរការឡើងវិញ»។
គួរបញ្ជាក់ថា ភាពច្របូកច្របល់បានកើតមាននៅពេលដែល Skyguide បានប្រកាសថា ខ្លួនបានជួបប្រទះបញ្ហាបច្ចេកទេស នៅព្រឹកព្រលឹមថ្ងៃពុធនេះ ជាមូលហេតុដែលដែនអាកាសស្វីស ត្រូវបានបិទចរាចរណ៍សម្រាប់ហេតុផលសុវត្ថិភាព៕