(ហ្សាកាតា)៖ ក្នុងការរុះរើគណៈរដ្ឋមន្រ្តីឥណ្ឌូណេស៉ី នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីចំនួន២រូប ត្រូវបានផ្លាស់ប្តូរដោយលោក ហ៊្សូលគីហ្វលី ហាសាន (Zulkifli Hasan) ប្រធានគណបក្សអាណត្តិជាតិ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈអតីតប្រមុខយោធាឥណ្ឌូណេស៉ី លោក ហាឌី ចាចាន់តូ (Hadi Tjahjanto) បានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងផែនការ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងក្នុងការផ្លាស់ប្តូរនេះ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានគូសបញ្ជាក់ថា «រដ្ឋមន្រ្តីដែលត្រូវបានតែងតាំងទាំងនេះ គឺផ្អែកលើសមត្ថភាពរបស់ពួកគេ។ យើងមើលទៅលើកំណត់ត្រាការងាររបស់ពួកគេ និងជាពិសេសគឺជំនាញគ្រប់គ្រងរបស់ពួកគេតែម្តង ដែលពួកគេមិនត្រឹមតែធ្វើការពាក់ព័ន្ធបញ្ហាកម្រិតធំៗប៉ុណ្ណោះទេ ប៉ុន្តែលើបញ្ហាកម្រិតតូចៗផងដែរ»។ ជាមួយគ្នានេះ លោក វីដូដូ ក៏បានតែតាំងអនុរដ្ឋមន្រ្តីថ្មីៗចំនួន ៣រូបថែមទៀតផង។
គួរបញ្ជាក់ថា នេះជាការរុះរើគណៈរដ្ឋមន្ត្រីជាលើកទី៣ហើយ កំលុងតំណែងអាណត្តិទី២ របស់លោក ចូកូ វីដូដូ។ មេដឹកនាំឥណ្ឌូណេស៉ីរូបនេះ ធ្លាប់បានលើកឡើងជាច្រើនលើកថា លោកចង់ឲ្យរដ្ឋាភិបាលរបស់លោក យកចិត្តទុកដាក់លើការដោះស្រាយបញ្ហាកម្មសិទ្ធដីធ្លីដល់ប្រជាជន។ តាមច្បាប់របស់ឥណ្ឌូណេស៉ី លោក វីដូដូ អាចកាន់អំណាចបានត្រឹមតែ២អាណត្តិប៉ុណ្ណោះ ដែលនឹងផុតកំណត់នៅឆ្នាំ២០២៤៕