(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Anthony Blinken) បាននិយាយថា ចិនគួរតែសំឡឹងមើល ការឆ្លើយតបយ៉ាងស្វាហាប់របស់អន្តរជាតិ ចំពោះការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ពេលដែលខ្លួនចង់ពិចារណា ធ្វើសកម្មភាពណាមួយ ពាក់ព័ន្ធនឹងតៃវ៉ាន់ នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក លោក Blinken បានលើកឡើងដូច្នេះថា «គួរឱ្យសោកស្តាយណាស់ អ្វីដែលយើងបានមើលឃើញក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺចិនធ្វើទង្វើគាបសង្កត់កាន់តែខ្លាំងនៅក្នុងប្រទេស និងបង្កហេតុកាន់តែច្រើន នៅក្រៅប្រទេស រួមមានទាំងសកម្មភាពទាក់ទងនឹងតៃវ៉ាន់ ដែលមានលក្ខណៈគ្រោះថ្នាក់និងបង្កអស្ថិរភាព»។
លោកប្រមុខការទូតអាមេរិកបានបន្តថា «ប៉ុន្តែរឿងមួយគឺ បើតាមការយល់ឃើញរបស់ខ្ញុំ ចិនចាំបាច់ត្រូវរាប់បញ្ចូលក្នុងការគណនារបស់ខ្លួន នូវការឆ្លើយតបដែលពួកយើងបានឃើញរួចមកហើយ ចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយប្រទេសជាច្រើន បានរួមសាមគ្គីគ្នាប្រឆាំងតទល់នឹងទង្វើបែបនោះ ទាំងតាមរយៈការធានាថា អ៊ុយក្រែនទទួលបានការគាំទ្រដែលខ្លួនត្រូវការ ហើយនិង ការធ្វើឱ្យរុស្ស៉ីត្រូវបង់តម្លៃសមស្រប សម្រាប់សកម្មភាពរបស់ខ្លួន»។
គួរបញ្ជាក់ថា ក្រោយពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន ក៏មានការលើកឡើងផងដែរថា ចិនអាចនឹងឆ្លៀតឱកាសធ្វើសកម្មភាពស្រដៀងគ្នាទៅលើ កោះតៃវ៉ាន់។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា បញ្ហាតៃវ៉ាន់គឺមានលក្ខណៈផ្ទុយស្រឡះពីបញ្ហាអ៊ុយក្រែន ដ្បិតតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន និងជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់ចិន ហើយមិនអាចត្រូវបានលូកលាន់ ពីបរទេសនោះឡើយ៕