(ស៉ីដនី)៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ៉ុង (Penny Wong) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសដែនកោះសូឡូម៉ុន (Solomon) នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីសូឡូម៉ុន លោក ម៉ាណាស់សេស សូហ្កាវ៉ារ៉េ (Manasseh Sogavare) ចំពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់ក្នុងតំបន់ នៃកិច្ចព្រមព្រៀងសន្តិសុខរវាងសូឡូម៉ុន និងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី Wong បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកស្រីនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសដែនកោះសូឡូម៉ុន ព្រមទាំងនូវែលសេឡង់ ដែលជាដំណើរទស្សនកិច្ចលើកទី៣ របស់លោកស្រីទៅកាន់តំបន់ប៉ាស៉ីហ្វិក ចាប់តាំងពីបានឡើងកាន់តំណែងជា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។
សេចក្តីថ្លែងការណ៍ខាងលើ បានគូសបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដែនកោះសូឡូម៉ុន លើបញ្ហាប្រឈមរួមគ្នា រួមទាំងការប្រែប្រួលអាកាសធាតុ ហើយលោកស្រី Wong នឹងជួបជាមួយលោក Sogavare។
លោកស្រី Wong បានបន្ថែមថា «ខ្ញុំទន្ទឹងរង់ចាំការពិភាក្សាអំពីវិធី ដែលយើងអាចបន្តធ្វើឱ្យមានការវិវឌ្ឍលើការងើបឡើងវិញពី វិបត្តិជំងឺឆ្លងរាតត្បាត COVID-19, ការអភិវឌ្ឍសេដ្ឋកិច្ច និងអាទិភាពនៃការចល័តកម្លាំងពលកម្ម និងការដោះស្រាយ ផលប្រយោជន៍សន្តិសុខរួមរបស់យើង»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយលោក Sogavare នៅទីក្រុងហូនីយ៉ារ៉ា (Honiara) ប្រទេសដែនកោះសូឡូម៉ុន កាលពីខែមុន ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ បណ្ដាប្រទេសប្រជុំកោះប៉ាស៉ីហ្វិកចំនួន៨ ហើយបានព្រមព្រៀងគ្នាពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចិន និងកោះសូឡូម៉ុន ក្នុងវិស័យនេសាទ ការជីកយករ៉ែ ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម។
ជុំវិញបញ្ហានេះ ប្រទេសអូស្ត្រាលី នូវែលសេឡង់ ជប៉ុន និងសហរដ្ឋអាមេរិក បាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងថា ទីក្រុងប៉េកាំងអាចបង្កើតវត្តមានយោធានៅក្នុងតំបន់ប៉ាស៉ីហ្វិក ទោះបីជាលោក Sogavare បានអះអាងថា កិច្ចព្រមព្រៀងរវាង ប្រទេសលោកនិងចិន មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធានៅក្នុងតំបន់ក៏ដោយ៕