(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសអូស្រ្តាលី បាននិយាយនៅថ្ងៃពុធនេះថា អូស្រ្តាលីចង់បានកិច្ចសហប្រតិបត្តិការ «ទូលំទូលាយនិងស៉ីជម្រៅ» ជាមួយប្រទេសជប៉ុន ខណៈដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងពីរនេះ កំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ស្មុគស្មាញ ក្នុងតំបន់អាស៉ី ដែលជាលទ្ធផលបណ្តាលមកពីកត្តាដូចជា សង្រ្គាមនៅអ៊ុយក្រែន, ការកើនឡើងនៃអតិផរណា និងការរំខានដោយសារតែជំងឺកូវីដ ១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
លោក រីឆាដ ម៉ាឡេស (Richard Marles) រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ណូប៊ូអុ គីស៉ិ (Nobuo Kishi) បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្នុងទីក្រុងតូក្យូ យ៉ាងដូច្នេះថា «វាច្បាស់ណាស់ថា តំបន់របស់យើងកំពុងប្រឈមនឹង ស្ថានភាពយុទ្ធសាស្រ្តដ៏ស្មុគស្មាញបំផុតមួយ គិតចាប់តាំងពីចុងបញ្ចប់ នៃសង្រ្គាមលោកលើកទី២»។
លោក ម៉ាឡេស បានបន្ថែមថា អូស្រ្តាលី និងជប៉ុន នឹងប្រើប្រាស់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីខែមករាកន្លងទៅ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិកាន់តែស៉ីជម្រៅ ដែលនឹងពង្រឹងសមត្ថភាពយោធារបស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់មូលដ្ឋានផ្លូវច្បាប់ សម្រាប់កងកម្លាំងអូស្ត្រាលី និងជប៉ុន ផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក និងបង្កើតក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ។
គួរបញ្ជាក់ថា ជប៉ុននិងអូស្រ្តាលី បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ស្របពេលដែលមាន ការព្រួយបារម្ភថា សេណារីយ៉ូដូចសង្រ្គាមនៅអ៊ុយក្រែន អាចលើកទឹកចិត្តឲ្យ មានព្រឹត្តិការណ៍ស្រដៀងគ្នា ផ្ទុះឡើងនៅតំបន់អាស៉ី៕