(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រ៊ិច (Christine Lambrecht) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឱ្យដឹងថា ការបង្វឹកកងទ័ពអ៊ុយក្រែនអំពីការប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ ហោវីតសឺ (Howitzer) របស់អាល្លឺម៉ង់ នឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខហើយ ដែលវានឹងបើកផ្លូវសម្រាប់ការដាក់ពង្រាយសព្វាវុធនេះ នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
កំលុងទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាមួយកន្លែង នៅភាគខាងលិចអាល្លឺម៉ង់ លោកស្រី Lambrecht បានប្រាប់ដូច្នេះថា «ការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ ភេនហ្សឺហៅប៊ីហ្ស ធូសាវហ្សិន (Panzerhaubitze 2000) នឹងបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីអាចឱ្យពួកវាត្រូវដាក់ពង្រាយ សម្រាប់ការប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន»។ វាគឺជាប្រព័ន្ធកាំភ្លើងធំដ៏ខ្លាំងមួយរបស់កងកម្លាំងយោធាអាល្លឺម៉ង់ ដែលបានវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រ។
កាលពីខែឧសភា ទីក្រុងបែរឡាំងបានសន្យាផ្តល់ឱ្យអ៊ុយក្រែននូវ ប្រព័ន្ធកាំភ្លើងធំ Howitzer ចំនួន៧គ្រឿង ដែលជាការបន្ថែមពីលើ ប្រព័ន្ធកាំភ្លើងធំប្រភេទនេះចំនួន៥គ្រឿង ដែលហូឡង់បានសន្យា។ ប៉ុន្តែអាល្លឺម៉ង់ក៏បានរងការរិះគន់ពីអ៊ុយក្រែនដែរថា ខ្លួនហាក់ដូចជា អូសបន្លាយខ្លាំងពេក ក្នុងការប្រគល់ពួកវា។ ខណៈការបង្ហាត់បង្រៀនឱ្យប្រើប្រាស់ នឹងបញ្ចប់ក្នុងពេលឆាប់ៗក៏ដោយ លោកស្រីប្រមុខការពារជាតិអាល្លឺម៉ង់ មិនបានឱ្យដឹងថា កាំភ្លើងធំទាំងនោះ នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន នៅពេលណាឡើយ។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ទីប្រឹក្សាលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អ៊ុយក្រែនត្រូវការប្រព័ន្ធកាំភ្លើងធំប្រមាណជា ១,០០០គ្រឿង, រថក្រោះ៥០០គ្រឿង និងដ្រូន១,០០០គ្រឿង ក្នុងចំណោមសព្វាវុធធុនធ្ងន់ដទៃទៀត៕