(ឡាអេ)៖ ប្រមុខអង្គការណាតូ (NATO) លោក ជេន ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា NATO ត្រូវតែពង្រឹង «ការត្រៀមខ្លួនកាន់តែខ្ពស់» និងសមត្ថភាពអាវុធរបស់ខ្លួន នៅតាមព្រំដែនអឺរ៉ុបខាងកើត ចំពោះមុខការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
ការបញ្ជាក់របស់ប្រមុខ NATO ខាងលើនេះធ្វើឡើង បន្ទាប់ពីមានកិច្ចពិភាក្សាក្រៅផ្លូវការជាមួយនាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូតតេ (Mark Rutte) និងមេដឹកនាំនៃប្រទេសដាណឺម៉ាក, ប៉ូឡូញ, ឡេតូនី, រូម៉ានី, ព័រទុយហ្គាល់ និងបែលហ្សិក មុនពេលកិច្ចប្រជុំកំពូលរបស់ NATO ប្រារព្ធឡើងនាចុងខែមិថុនា ខាងមុខនេះ ក្នុងទីក្រុងម៉ាឌ្រីត (Madrid) នៃប្រទេសអេស្ប៉ាញ។
លោក ស្តូលធិនបឺគ បានថ្លែងថា «ក្នុងកិច្ចប្រជុំនៅឯទីក្រុងម៉ាឌ្រីត យើងនឹងព្រមព្រៀងលើការពង្រឹងជំហររបស់យើង ដែលបានពិភាក្សាគ្នានៅយប់នេះ, អំពីតម្រូវការក្នុងការត្រៀមខ្លួនដើម្បីប្រយុទ្ធជាមួយនឹងការផ្គត់ផ្គង់បរិក្ខាយោធាឲ្យបានរួចជាស្រច»។ ដោយឡែក ឆ្លើយតបនឹងការអំពាវនាវរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លើការផ្តល់អាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀតនោះ លោក ស្តូលធិនបឺគ បាននិយាយថា ទីក្រុងកៀវ គួរតែទទួលបាននូវអាវុធធន់ធ្ងន់ ប៉ុន្តែមិនបានបញ្ជាក់អំពីព័ត៌មានលម្អិតនោះទេ។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ី បើកការវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈមក, NATO បានបង្កើនវត្តមានរបស់ខ្លួនៅតំបន់បាល់ទិក (Baltics) ហើយលោក ស្តូលធិនបឺគ ផ្ទាល់បានសន្យាថា NATO នឹងផ្តល់ការពង្រឹងសម្ព័ន្ធភាពបន្ថែមទៀត នៅពេលដែលសមាជិកទាំង៣០ ជួបគ្នាក្នុងប្រទេសអេស្ប៉ាញ នាថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា៕