(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានគាំទ្រការអះអាងរបស់កោះតៃវ៉ាន់ដែលថាច្រកសមុទ្រកោះតៃវ៉ាន់ គឺជាផ្លូវទឹកអន្តរជាតិ ដែលនេះជាការច្រានចោល ចំពោះការអះអាងរបស់ចិន ក្នុងការអនុវត្តអធិបតេយ្យភាពលើច្រកសមុទ្រនេះ។ នេះបើយោងតាម ការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយ (Ned Price) បានគូសបញ្ជាក់ប្រាប់តាមរយៈអ៉ីមែលផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «ច្រកសមុទ្រកោះតៃវ៉ាន់ គឺជាផ្លូវទឹកអន្តរជាតិ មានន័យថា ច្រកសមុទ្រកោះតៃវ៉ាន់ ជាតំបន់ដែលស្ថិតនៅក្រោមសេរីភាព រួមទាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើ ដែលត្រូវបានធានាក្រោមគោលការណ៍ច្បាប់អន្តរជាតិ»។
លោក Price បានបន្ថែមថា ពិភពលោកមាន «ការប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ ហើយយើងចាត់ទុកថា វាជាចំណុចកណ្តាលនៃសន្តិសុខ និងវិបុលភាពនៃតំបន់ឥណ្ឌូប៉ាស៉ីហ្វិកដ៏ទូលំទូលាយ»។
លោក Price ក៏បានរំលឹកឡើងវិញដែរពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពី «សកម្មភាពវោហាសាស្ត្រ និងបង្ខិតបង្ខំរបស់ចិនទាក់ទងនឹងកោះតៃវ៉ាន់» ហើយ បាននិយាយថា សហរដ្ឋអាមេរិក «នឹងបន្តការហោះហើរ ការធ្វើនាវាចរណ៍ និងប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយនោះរួមបញ្ចូលទាំងការឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រសួងការបរទេសចិន បានអះអាងថា ប្រទេសចិន «មានអធិបតេយ្យភាព, សិទ្ធិអធិបតេយ្យ ព្រមទាំងយុត្តាធិការ លើច្រកសមុទ្រកោះតៃវ៉ាន់»។ តែភ្លាមៗ ក្រសួងការបរទេសកោះតៃវ៉ាន់ បានលើកឡើងថា ការលើកឡើងរបស់ចិន គឺមិនមែនជាការពិតឡើយ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមនាវាចម្បាំងអាមេរិក ហើយពេលខ្លះទៀតនោះ ក្រុមនាវាចម្បាំងមកពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដូចជា ចក្រភពអង់គ្លេស និងកាណាដាជាដើម បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយបង្កឱ្យមានការមិនពេញចិត្ត ជាខ្លាំងពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ប្រទេសចិន៕