(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាការវាយប្រហាររបស់យោធាចិនលើតៃវ៉ាន់ នឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃនេះទៅទៀត ពីព្រោះវាអាចនឹងបង្កឱ្យមានការខ្វះខាតបន្ទះឈីប។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។
សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលបណ្ដាប្រទេសលោកខាងលិចហៅថាជាការឈ្លានពាន និងដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក បាន និងកំពុងបង្កឱ្យទំនិញឡើងថ្លៃ ជាពិសេសឧស្ម័ន និងប្រេងឥន្ធនៈ ព្រមទាំងការព្រួយបារម្ភពីគ្រោះទុរភិក្សនៅតាមបណ្ដាប្រទេសក្រីក្រផងដែរ។
ក៏ប៉ុន្តែ លោក ចន តេង (John Deng) ជាអ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់តៃវ៉ាន់ បានព្រមានថាសង្រ្គាមនៅតៃវ៉ាន់អាចនឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមនៅអ៊ុយក្រែន ដោយលោកសំអាងថាពិភពលោកពឹងផ្អែកលើបន្ទះឈីបរបស់តៃវ៉ាន់ សម្រាប់យានយន្ដ គ្រឿងអេឡិចត្រូនិក និងទូរស័ព្ទស្មាតហ្វូន ជាដើម។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Reuters លោក ចន តេង បានគូសបញ្ជាក់ដូច្នេះថា «ការរាំងស្ទះដល់ចង្វាក់ផ្គត់ផ្គង់សកល និងការរាំងស្ទះដល់សណ្ដាប់ធ្នាប់សេដ្ឋកិច្ចសកល គឺអាចនឹងមានសភាពធ្ងន់ធ្ងរជាងសង្រ្គាមអ៊ុយក្រែន សព្វថ្ងៃនេះ ទៅទៀត»។
គួរបញ្ជាក់ថា តៃវ៉ាន់ ត្រូវបានគេចាត់ទុកថាជាអ្នកផលិតបន្ទះឈីបទំនើបធំបំផុតមួយនៅលើពិភពលោក ដោយកាលពីឆ្នាំ២០២១ ដែនកោះមួយនេះ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន បាននាំចេញបន្ទះឈីបទៅកាន់ទីផ្សារពិភពលោកមានទំហំដល់ទៅ ១១៨ពាន់លានដុល្លារ៕