(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក (WHO) នឹងកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ ទី២៣ មិថុនាសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃថា តើការផ្ទុះឡើងនៃជំងឺអុតស្វាតំណាងឱ្យភាពអាសន្នសុខភាពសាធារណៈ នៃក្តីបារម្ភអន្តរជាតិដែរឬទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

បច្ចុប្បន្នមានតែជំងឺកូវីដ១៩ និងជំងឺគ្រុនស្វិតដៃជើងប៉ុណ្ណោះ ដែលភ្នាក់ងារអង្គការសុខភាពពិភពលោកបានចេញសារព្រមានកម្រិតខ្ពស់បំផុត។

WHO បាននិយាយថា ក្នុងឆ្នាំនេះមានករណីអុតស្វាដែលត្រូវបានបញ្ជាក់ចំនួន ១,៦០០ករណី និងករណីសង្ស័យចំនួន ១,៥០០ករណី និងមានអ្នកស្លាប់ចំនួន ៧២នាក់ នៅក្នុងបណ្តាប្រទេសចំនួន៣៩ រួមទាំងបណ្តាប្រទេសដែលជំងឺនេះរីករាលជាធម្មតាផងដែរ។

អុតស្វា គឺជាជំងឺរាតត្បាតនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក ប៉ុន្តែបច្ចុបន្នមានការឆ្លងជាច្រើនករណីកំពុងកើតមានទាំងនៅក្នុងប្រទេសអាហ្វ្រិកទាំងនោះ និងផ្នែកខ្លះនៃអឺរ៉ុប។ មេរោគនេះបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងកន្ទួល​លើ​ស្បែក ឬ​ដំបៅ ហើយការឆ្លងរាលដាលគឺតាមរយៈការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។

អគ្គនាយកអង្គការ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ក៏បានលើកឡើងដែរថា ដល់ពេលដែលត្រូវពិចារណាលើការបង្កើនការឆ្លើយតប ដោយសារតែវីរុសនេះចំឡែកខុសពីធម្មតា មានប្រទេសកាន់តែច្រើនរងផលប៉ះពាល់ ដូចនេះតម្រូវឲ្យមានការសម្របសម្រួលលក្ខណៈអន្តរជាតិមួយ។

លោក Ibrahima Socé Fall នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO ប្រចាំទ្វីបអាហ្រ្វិក បាននិយាយថា «យើងមិនចង់រង់ចាំរហូតដល់ស្ថានការណ៍ គ្រប់គ្រងលែងបាននោះទេ»