(កូប៉ិនហាក)៖ ដាណឺម៉ាកនិងកាណាដា ទីបំផុតបានឯកភាពគ្នាធ្វើការបែងចែក កោះមិនមានមនុស្សរស់នៅតូចមួយ នៅឯតំបន់អាក់ទិច ឈ្មោះថា កោះហាន (Hans) ដើម្បីបិទបញ្ចប់បញ្ហាវិវាទម្ចាស់កម្មសិទ្ធិ ដែលបានអូសបន្លាយប្រមាណជិត ៥ទសវត្សរ៍ មកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

កោះ Hans ស្ថិតនៅចម្ងាយស្មើគ្នា រវាងកោះគ្រីនលែន (Greenland) ដែលជាតំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាក ហើយនិងកោះ អ៉ីឡេស្មៀ (Ellesmere) របស់ប្រទេសកាណាដា។ ប្រទេសទាំងពីរ បានដឹងពីការទាមទារប្រឆាំងគ្នា ជុំវិញសិទ្ធិជាម្ចាស់នៃកោះនេះ ជាលើកដំបូង កាលពីឆ្នាំ១៩៧១ នៅពេលដែលដាណឺម៉ាកនិងកាណាដា បានជួបពិភាក្សាគ្នាអំពីបញ្ហាព្រំប្រទល់។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ក្រុមមន្រ្តី អ្នកវិទ្យាសាស្រ្ត និងកងទ័ព មកពីដាណឺម៉ាកនិងកាណាដា ធ្លាប់បានធ្វើដំណើរទៅកាន់ កោះ Hans ហើយបានផ្លាស់វេនគ្នារុះរើទង់ជាតិរបស់ភាគីម្ខាងទៀត ដើម្បីដោតទង់ជាតិរបស់ខាងខ្លួនវិញ។

គួរបញ្ជាក់ថា យ៉ាងណាក្តី យោងតាមកិច្ចព្រមព្រៀង ដែលប្រកាសដោយក្រសួងការបរទេសដាណឺម៉ាក នៅថ្ងៃអង្គារនេះ គឺដាណឺម៉ាក និងកាណាដា នឹងធ្វើការបែកចែងដែនកោះខាងលើ ដែលមានផ្ទៃដី១.២គីឡូម៉ែត្រក្រឡា ទៅជាផ្នែកធំៗចំនួន២ សឹងតែស្មើគ្នាត្រឹមតែម្តង ដើម្បីបិទបញ្ចប់វិវាទជុំវិញ បញ្ហាម្ចាស់កម្មសិទ្ធិ៕