(តៃប៉ិ)៖ ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បានចេញមុខលើកឡើងថា សមុទ្រសមុទ្រតៃវ៉ាន់ គឺជាផ្លូវទឹកអន្តរជាតិមួយ ហើយរដ្ឋាភិបាលទីក្រុងតៃប៉ិគាំទ្រ ការធ្វើដំណើរឆ្លងកាត់ទីនោះ ដោយក្រុមនាវាចម្បាំងរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការបរទេសចិនបានអះអាងថា ប្រទេសចិនមាន អធិបតេយ្យភាព, សិទ្ធិអធិបតេយ្យ ព្រមទាំង យុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់។ ដោយឡែកនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លោកស្រី ចូអាន អ៊ូ (Joanne Ou) បាននិយាយថា ការលើកឡើងរបស់ចិន គឺមិនមែនជាការពិតឡើយ។
លោកស្រីអ្នកនាំពាក្យរបស់តៃវ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ច្រកសមុទ្រតៃវ៉ាន់ គឺជាច្រកផ្លូវទឹកអន្តរជាតិ និងស្ថិតនៅក្រោមសេរីភាព នៃគោលការណ៍ច្បាប់អន្តរជាតិ»។ លោកស្រីបានបន្តថា «យើងយល់ហើយគាំទ្រការចូលរួមចំណែកនៃ បេសកកម្មសេរីភាពនាវាចរណ៍របស់សហរដ្ឋអាមេរិក ក្នុងការលើកស្ទួយសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់»។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមនាវាចម្បាំងអាមេរិក ហើយពេលខ្លះទៀតនោះ គឺក្រុមនាវាចម្បាំងមកពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៉ីនតោន ដូចជាចក្រភពអង់គ្លេស និងកាណាដាជាដើម បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាសកម្មភាព បង្កឱ្យមានការមិនពេញចិត្តជាខ្លាំង ពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយប៉ុណ្ណោះ របស់ប្រទេសចិន៕