(ញូដេលី)៖ ចាប់តាំងពីឡើងកាន់អំណាចកាលពីឆ្នាំ២០១៤មក លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) បានកែប្រែឥណ្ឌាឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រ ដែលគេគ្រប់គ្នាមិនអាចមើលរំលងបាន អមជាមួយនូវគំនិតចង់ឱ្យឥណ្ឌាក្លាយជា «មហាអំណាចឈានមុខគេ»។ នៅក្រោមចក្ខុវិស័យរបស់លោក ម៉ូឌី ពាក្យថា មហាអំណាចឈានមុខគេនេះ គឺមានន័យស្មើនឹង «កំពូលមហាអំណាច»។ ពាក្យថា «កំពូលមហាអំណាច» ត្រូវបានគេប្រើសំដៅទៅលើប្រទេសដែលអាចបាចសាចឥទ្ធិពល របស់ខ្លួននៅជុំវិញពិភពលោកទាំងការទូត, យោធា, សេដ្ឋកិច្ច និងអំណាចស្រទន់ ដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់ប្រទេសដទៃ។

ពាក្យកំពូលមហាអំណាចត្រូវបានគេប្រើតាំងតែពីសម័យសង្រ្គាមត្រជាក់មកម្ល៉េះ ដោយចង់សំដៅលើការប្រជែងគ្នារវាងកំពូលមហាអំណាច ២ គឺអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក។ តែសព្វថ្ងៃ នៅពេលដែលគេនិយាយដល់កំពូលមហាអំណាច គឺគេនឹកដល់ភ្លាមៗពីការប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិន ហើយនៅពេល គេនិយាយពីការកើនឡើងឥទ្ធិពលចិន គេក៏មិនភ្លេចនិយាយដែរពីមហាយក្សឥណ្ឌា ដែលធ្លាប់ត្រូវបានគេចាត់ទុកថាគ្រាន់តែជាមហាអំណាចកន្ដឿភូមិសាស្ត្រនយោបាយ។

កន្ដឿភូមិសាស្ត្រនយោបាយដោយសារតែឥណ្ឌា ត្រូវបានហ៊ុមព័ទ្ធដោយចិន និងប៉ាគីស្ថាន ដែលសុទ្ធសឹងតែមានអាវុធនុយក្លេអ៊ែរ។ បើតាមក្រុមអ្នកជំនាញភាគច្រើន ឥណ្ឌា មានសមត្ថភាពគ្រប់គ្រាន់ប្រឆាំងនឹងប៉ាគីស្ថាន តែមិនទាន់អាចប្រឆាំងនឹងចិនបាននៅឡើយទេ ទាំងយោធា និងសេដ្ឋកិច្ច។ សម្រាប់ឥណ្ឌា ប៉ាគីស្ថាន ជាពិសេសគឺចិនគឺជា ការគំរាមកំហែងយោធាដោយផ្ទាល់ ក្នុងសំណុំរឿងជម្លោះព្រំដែន។ ជាការពិតណាស់ ឥណ្ឌាជាមហាអំណាចយោធាមួយដែរ តែសមត្ថភាពយោធារបស់ចិនបាន និងកំពុងដើរ លឿនជាងឥណ្ឌា រួចបាត់ទៅហើយទាំងបច្ចេកវិទ្យា, កញ្ចប់ថវិកាយោធា និងចំនួនកងទ័ព ខណៈអាវុធភាគច្រើនរបស់ឥណ្ឌា ពឹងផ្អែកតែលើការនាំចូលពីរុស្ស៉ី តែប៉ុណ្ណោះ។

ដោយឡែក នៅលើឆាកលើអន្តរជាតិ ចិនជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ដែលមានសិទ្ធិវេតូលើការសម្រេចចិត្តធំៗរបស់ពិភពលោក តែឥណ្ឌាវិញមិនមានសមត្ថភាពបែបនេះទេ។ ម្យ៉ាងវិញទៀត ការបង្កើតស្ថាប័នសេដ្ឋកិច្ចដូចជា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏បានផ្ដល់ឱកាសឱ្យចិនច្រើនជាងឥណ្ឌា ក្នុងការពង្រីកឥទ្ធិពលនៅក្នុងតំបន់ ក៏ដូចជាហ៊ុមព័ទ្ធឥណ្ឌាផងដែរ។

តួយ៉ាង ប្រទេសក្នុងតំបន់អាស៊ីខាងត្បូង ដែលធ្លាប់តែស្ថិតក្រោមឥទ្ធិពលឥណ្ឌា ដូចជា បង់ក្លាដែស, ម៉ាល់ឌីវ, នេប៉ាល់ និងស្រីលង្កា សុទ្ធតែបានចូលរួមក្នុងគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន ហើយនេះមិនទាន់រាប់បញ្ចូលប៉ាគីស្ថាន មីយ៉ាន់ម៉ា និងអាហ្វហ្កានីស្ថាន ក្រោមការដឹកនាំរបស់តាលីបង់ ដែលកំពុងពង្រឹងទំនាក់ទំនងជាមួយចិន ផង។ ម្លោះហើយ ផ្លូវឆ្ពោះទៅរក «កំពូលមហាអំណាច» របស់ឥណ្ឌានៅវែងឆ្ងាយណាស់ តែវាក៏មិនមែនមានន័យថាមិនអាចទៅរួចនោះដែរ។ បើតាមក្រុមអ្នកជំនាញខ្លះ រឿង ដែលឥណ្ឌាត្រូវធ្វើមុនគេ នោះគឺបង់បោះបង់ចោលគោលការណ៍មិនចូលបក្សសម្ព័ន្ធដែលជាទស្សនៈហួសសម័យជាមុនសិន។ មកទល់នឹងពេលនេះឥណ្ឌានៅតែចាត់ទុក ខ្លួនឯងជាប្រទេសអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ ហើយវាបានស្ដែងឡើងតាមរយៈគោលជំហរសព្វថ្ងៃរបស់ទីក្រុងញូដេលី ចំពោះសង្រ្គាមនៅអ៊ុយក្រែន។

តែយ៉ាងណាក៏ដោយ ធាតុពិតជាក់ស្ដែង នរណាក៏ដឹងដែរថាឥណ្ឌាបានជ្រើសរើសឈរនៅខាងបក្សសម្ព័ន្ធរបស់សហរដ្ឋអាមេរិក រួចស្រេចទៅហើយ។ ក្នុងន័យនេះឥណ្ឌាបាន ភ្ញាក់ដឹងខ្លួនថាខ្លួនឯងក៏ជាយក្សមួយដែរ និងបានជ្រើសរើសចូលរួមជាមួយអាមេរិក ជប៉ុន និងអូស្ត្រាលី នៅក្នុងកិច្ចសន្ទនាចតុភាគី ឬគេស្គាល់ថាក្រុមប្រទេសក្វាដ (Quad) នៅក្រោមចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិក ហើយនេះជាជម្រើសដ៏ត្រឹមត្រូវដែលបានធ្វើឱ្យឥណ្ឌាក្លាយជាដៃគូមិនអាចខ្វះបានសម្រាប់សហរដ្ឋអាមេរិក និងក្រុមប្រទេសដែលបារម្ភពី ការកើនឡើងឥទ្ធិពលចិន។ ការចូលរួមជាមួយសហរដ្ឋអាមេរិក គឺជាមធ្យោបាយដ៏ល្អព្រោះថាបច្ចុប្បន្នមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានអំណាចខ្លាំងជាងចិន។

លើសពីនេះទៅទៀត ឥណ្ឌាសព្វថ្ងៃ បានពង្រីកខ្លួនហួសពីព្រំដែនតំបន់អាស៊ីខាងត្បូង តាមរយៈការបោះដៃទៅរកអាស៊ាន និងបង្កើនការចូលរួមជាមួយស្ថាប័នអន្តរជាតិនានា ដូចជា ក្រុមប្រទេស G20 ធនាគារពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើនទៀត ដើម្បីអាចទាញយកផលចំណេញ និងពង្រីកឥទ្ធិពលរបស់ខ្លួនចេញពី ប្រព័ន្ធសកលភាវូបនីយកម្ម។ ដូច្នេះ ឥណ្ឌាអាចក្លាយជាកំពូលមហាអំណាច ឬអត់ មិនមែនជារឿងត្រូវសង្ស័យនោះទេ។ ប៉ុន្តែ អ្វីដែលសំខាន់គឺនៅត្រង់ថាឥណ្ឌាខ្លួនឯងដែលជាយក្សនុយក្លេអ៊ែរមួយដែរនោះ ចង់ ឬមិនចង់ តែប៉ុណ្ណោះ៕