(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសទួរគី ចាកចេញពីប្រទេសនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក៏បានអំពាវនាវឱ្យលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុក ដោយលើកឡើងពីការភ័យខ្លាចនៃការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

លោក Lapid បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ នៃគណបក្ស Yesh Atid របស់គាត់ថា «យើងអំពាវនាវដល់ប្រជាជនអ៊ីស្រាអែលកុំឱ្យហោះហើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។ លុះត្រាតែអ្នកមានតម្រូវការសំខាន់បំផុត។ សូមកុំហោះហើរទៅកាន់ប្រទេសទួរគី។ ប្រសិនបើអ្នកនៅអ៊ីស្តង់ប៊ុលរួចហើយ សូមត្រលប់ទៅអ៊ីស្រាអែលវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

រដ្ឋមន្ត្រីរូបនេះបាននិយាយទៀតថា «នេះគឺជាគ្រោះថ្នាក់ពិតប្រាកដ និងភ្លាមៗ» ដោយបន្ថែមថា ការព្រមាននេះធ្វើឡើងបន្ទាប់ពី «ការវាយតម្លៃស្ថានភាពដែលបានរកឃើញការប៉ុនប៉ងពីកងកម្លាំងអ៊ីរ៉ង់ ដើម្បីចាប់ពង្រត់ ឬសម្លាប់ជនជាតិអ៊ីស្រាអែលនៅក្នុងប្រទេសតួកគី»

លោក Lapid បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគីសម្រាប់ «កិច្ចខិតខំប្រឹងប្រែងដែលពួកគេកំពុងធ្វើដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋអ៊ីស្រាអែល»