(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៦១៧ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៥៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bắc Ninh មានចំនួន៨៧ករណី និងខេត្ត Yên Bái ចំនួន៤១ករណី។
ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។
គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៣២,៤២៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៥៦២,៥២៣នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៣នាក់៕