(ហ្សឺណែវ)៖ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី មីឈែល បាឆេឡេត (Michelle Bachelet) នាថ្ងៃចន្ទនេះ បានប្រកាសថា លោកស្រីនឹងមិនស្វែងរកការបន្តកាន់តំណែង សម្រាប់អាណត្តិទី២ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

កំលុងការថ្លែងសុន្ទរកថាបើកសម័យប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN លោកស្រី Machelet បាននិយាយដូច្នេះថា «ស្របពេលដែលអាណត្តិជាឧត្តមស្នងការរបស់ខ្ញុំ ឈានជិតចូលដល់ទីបញ្ចប់ហើយនោះ សម័យប្រជុំលើកទី៥០នេះ របស់ក្រុមប្រឹក្សា នឹងជាលើកចុងក្រោយហើយ ដែលខ្ញុំថ្លែងសារ»។ លោកស្រីបានបង្ហើបឱ្យដឹងតែត្រឹមនេះ ដោយមិនបានផ្តល់ហេតុផលជាក់លាក់ នៅពីក្រោយការសម្រេចចិត្តនោះទេ។

លោកស្រី Bachelet ដែលមានវ័យ៧០ឆ្នាំ និងជាអតីតប្រធានាធិបតីនៃប្រទេសស៉ីលី នឹងត្រូវផុតអាណត្តិនៅចុងខែសីហា ខាងមុខ។ កន្លងមក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) ដែលជាអ្នកសម្រេចជ្រើសរើស ឧត្តមស្នងការសិទ្ធិមនុស្ស ទើបតែបានបង្ហាញពីការគាំទ្ររបស់លោក ចំពោះលោកស្រី Bachelet បន្ទាប់ពីលោកស្រី បានទទួលរងការរិះគន់ពីសហរដ្ឋអាមេរិក និងលោកខាងលិច ជុំវិញបញ្ហាដែលពួកគេអះអាងថាជា «សកម្មភាពរំលោភបំពានសិទ្ធិមនុស្ស» នៅតំបន់ ស៉ីនជាំង (Xinjiang) របស់ប្រទេសចិន។

គួរបញ្ជាក់ថា តំណែងឧត្តមស្នងការសិទ្ធិមនុស្ស UN ជាធម្មតាតែងតែទទួលរង សម្ពាធនយោបាយខ្លាំង ពីសំណាក់បណ្តាប្រទេសនៅជុំវិញពិភពលោក ហើយស្របពេលដែលតំណែងនេះ អាចឱ្យកាន់បាន២អាណត្តិ ជាអតិបរមាក៏ដោយ អតីតឧត្តមស្នងការសឹងទាំងអស់ សុទ្ធតែសម្រេចកាន់មិនលើសពី ១អាណត្តិឡើយ៕