(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ចំនួនទាហានរុស្ស៉ីដែលបាត់បង់ជីវិត កំលុងសង្រ្គាមនៅប្រទេសរបស់លោក ប្រហែលនឹងកើនលើស៤០,០០០នាក់ នៅក្នុងខែមិថុនានេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Aljazeera នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កំលុងការថ្លែងសារប្រចាំថ្ងៃ ជាលើកទី១០៩ របស់លោក ទៅកាន់ប្រជាជាតិអ៊ុយក្រែន គិតតាំងពីការឈ្លានពានរបស់រុស្ស៉ីចាប់ផ្តើមមក លោក ហ្សេលេនស្គី ក៏បានលើកឡើងជាថ្មីនូវ ការអំពាវនាវរបស់អ៊ុយក្រែន ដើម្បីសុំប្រព័ន្ធការពារដែនអាកាសទំនើបៗ ពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិចផងដែរ។
បើតាមលោកប្រធានាធិបតីអ៊ុយក្រែន ប្រព័ន្ធការពារទាំងនោះ អាចជួយទប់ស្កាត់សោកនាដកម្មបានជាច្រើន រួមទាំងការវាយប្រហារ តាមផ្លូវអាកាសលើទីក្រុង ធើណូពីល (Ternopil) ដែលបានកើតឡើង នៅភាគខាងលិចអ៊ុយក្រែន ក្នុងថ្ងៃអាទិត្យផ្ទាល់ ខណៈហេតុការណ៍នោះ បានបង្កឱ្យមនុស្សជាច្រើននាក់រងរបួស រួមមានទាំងក្មេងផងដែរ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីប្រឹក្សាលោក ហ្សេលេនស្គី បានអះអាងថា អ៊ុយក្រែនបាត់បង់កងទ័ពចន្លោះ ១០០-២០០នាក់ នៅសមរភូមិជួរមុខជារៀងរាល់ថ្ងៃ ប៉ុន្តែមិនមានការបង្ហើបឱ្យដឹងថា ទាហានអ៊ុយក្រែនសរុបកើនដល់ប៉ុន្មាននាក់នោះឡើយ ដែលបានស្លាប់ គិតចាប់តាំងពីសង្រ្គាមជាមួយរុស្ស៉ី បានផ្ទុះឡើង៕