(ប៉េកាំង)៖ អាជ្ញាធរនៅក្នុងរដ្ឋធានីប៉េកាំង នៃប្រទេសចិន នៅថ្ងៃចន្ទនេះ កំពុងធ្វើការយ៉ាងសកម្មដើម្បីព្យាយាមគ្រប់គ្រងការផ្ទុះឡើង នូវចង្កោមករណីឆ្លង COVID-19 ដែលរាលដាលចេញពីមក ទីតាំងបារ២៤ម៉ោងមួយកន្លែង ដែលល្បីឈ្មោះខាងមានមនុស្សច្រើនកុះករ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។
ចង្កោមករណីឆ្លងជិត២០០ករណី ត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងបារមួយកន្លែង ឈ្មោះ Heaven Supermarket ស្ថិតនៅកណ្តាលទីក្រុងប៉េកាំង ដែលទើបនឹងបើកដំណើរឡើងវិញ ខណៈដែលវិធានការទប់ស្កាត់កូវីដ ១៩ ទើបតែបានបន្ធូរបន្ថយកាលពីសប្តាហ៍មុន។
នៅចំពោះមុខការផ្ទុះរាលដាលនេះ សង្កាត់ ឆាវយ៉ាង (Chaoyang) ដែលធំជាងគេ ប្រចាំរដ្ឋធានីប៉េកាំងរបស់ចិន បានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំ រយៈពេល៣ថ្ងៃ សម្រាប់ប្រជាជនប្រមាណ៣.៥លាននាក់របស់ខ្លួន។
គួរបញ្ជាក់ថា បញ្ហាខាងលើ ក៏បាននិងកំពុងបង្កើនក្តីបារម្ភជាថ្មី អំពីទស្សនវិស័យសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរ របស់ពិភពលោកមួយនេះ ខណៈចិនទើបតែងើបឡើងវិញ ពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការអនុវត្តវិធានការបិទខ្ទប់ រយៈពេលពីរខែ នៅទីក្រុងសៀងហៃ ដែលជាទីក្រុងមានប្រជាជនច្រើនបំផុត និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន៕